WHO៖ តើ​ជំងឺ​អុត​ស្វា ស្ថិតក្នុង​ភាពអាសន្ន​សុខភាព​សាធារណៈ ឬក៏​អត់​

​នា​ថ្ងៃទី​២៣ មិថុនា ខាងមុខនេះ អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​ប្រជុំ​គណៈកម្មាធិការ​សង្គ្រោះបន្ទាន់​មួយ​ដើម្បី​វាយតម្លៃថា តើ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​អុត​ស្វា​តំណាងឱ្យ​ភាពអាសន្ន​សុខភាព​សាធារណៈ នៃ​ក្តីបារម្ភ​អន្តរជាតិ​ដែរឬទេ​។

​បច្ចុប្បន្ន មានតែ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​គ្រុន​ស្វិតដៃជើង​ប៉ុណ្ណោះ ដែល​ភ្នាក់ងារ​អង្គការ​សុខភាព​ពិភពលោក​បានចេញ​សារ​ព្រមាន​កម្រិត​ខ្ពស់បំផុត​។​
WHO បាន​និយាយថា ក្នុងឆ្នាំនេះ​មាន​ករណី​អុត​ស្វា​ដែល​ត្រូវបាន​បញ្ជាក់​ចំនួន ១,៦០០​ករណី និង​ករណី​សង្ស័យ​ចំនួន ១,៥០០​ករណី និង​មាន​អ្នកស្លាប់​ចំនួន ៧២​នាក់ នៅក្នុង​បណ្តា​ប្រទេស​ចំនួន​៣៩ រួមទាំង​បណ្តា​ប្រទេស​ដែល​ជំងឺ​នេះ​រីក​រាល​ជាធម្មតា​ផងដែរ​។​

​អុត​ស្វា គឺជា​ជំងឺ​រាតត្បាត​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក ប៉ុន្តែ​បច្ចុបន្ន​មាន​ការឆ្លង​ជាច្រើន​ករណី​កំពុង​កើតមាន​ទាំង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ទាំង​នោះ និង​ផ្នែក​ខ្លះ​នៃ​អឺរ៉ុប​។ មេរោគ​នេះ​បណ្តាលឱ្យមាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ និង​កន្ទួល​លើ​ស្បែក ឬ​ដំបៅ ហើយ​ការឆ្លង​រាលដាល​គឺ​តាមរយៈ​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​។​

​អគ្គនាយក​អង្គការ WHO លោក តេ​ដ្រូ​ស អា​ដាណ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស ក៏បាន​លើកឡើង​ដែរ​ថា ដល់​ពេលដែល​ត្រូវ​ពិចារណា​លើ​ការបង្កើន​ការឆ្លើយតប ដោយសារតែ​វីរុស​នេះ​ចំឡែក​ខុសពី​ធម្មតា មាន​ប្រទេស​កាន់តែច្រើន​រង​ផលប៉ះពាល់ ដូចនេះ​តម្រូវ​ឲ្យ​មានការ​សម្របសម្រួល​លក្ខណៈ​អន្តរជាតិ​មួយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close