សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍ ពានរង្វាន់​បាល់ទាត់​ពិភពលោក

​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍ ពានរង្វាន់​បាល់ទាត់​ពិភពលោក (FIFA WORLD CUP) ដែល​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ ដែល​ពិធី​នេះ​ត្រូវធ្វើឡើង​ដោយផ្ទាល់​នៅ​វិមាន​សន្តិភាព​។​ ​ពាន​បាល់ទាត់​ពិភពលោក​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​ជាង ៦​គីឡូក្រាម បាន​ដឹក​តាម​ជើងហោះហើរ​ឯកជន​ពិសេស (Private Jet)​។

​ការមកដល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដែលមាន​តម្លៃ​ប្រមាណ ២០​លាន​ដុល្លារ​នេះ ធ្វើឡើង​ក្រោម​កម្មវិធី​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដើម្បី​អបអរសាទរ​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក នា​ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​។​

​ការមកដល់​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នា​ថ្ងៃនេះ គឺជា​ការបង្ហាញ​វត្តមាន​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា ចាប់តាំងពី​ពាន​នេះ​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៧៤​។ ​កម្ពុជា​នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​មួយចំនួន​ជាការ​ស្វាគមន៍​នៃ​ការមកដល់​ពាន​បាល់ទាត់​ពិភពលោក​នេះ​។ ព្រឹត្តិការណ៍​នោះ​រួមមាន​៖ ក្បួន​ដង្ហែ​ពានរង្វាន់​ពី​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ មកកាន់​វិមាន​សន្តិភាព​, ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹង​រៀបចំ​ពិធី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ម៉ោង​ប្រហែល ១​រសៀល រហូតដល់​ម៉ោង ១០​យប់ អមដោយ​តន្ត្រីសម័យ​កំដរ​ផងដែរ​។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​-​យុវនារី អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ទាំងអស់ ចូលរួម​អបអរសាទរ​ឱ្យបាន​ច្រើន​កុះករ និង​មោទនភាព​ជាតិ ដោយ​ក្តី​ស្មោះសរ​ចំពោះ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close