កូរ៉េ ផ្តល់ប្រាក់​កម្ចី ១.៥​ប៊ី​លាន​ដុល្លារ និង​ជំនួយឥតសំណង​ជាង ៥០​លាន​ដុល្លារ ដល់​កម្ពុជា​

​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អាទិភាព​មួយចំនួន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូ​រ៉ លើក​យកមក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត គោលនយោបាយ​លើក​ទី​៤ ដែល​បាន​រៀបចំឡើង នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោកស្រី KIM Kyung Hee តំណាង​រដ្ឋាភិបាល​កូរ៉េ ធ្វើជា​សហប្រធាន​ជាមួយ​លោក ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៤​នេះ​។​

​ជា​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចពិភាក្សា​នោះ រវាង​រដ្ឋាភិបាល​ទាំងពីរ បានសម្រេច​លើ​បេក្ខភាព​គម្រោង​អភិវឌ្ឍន៍​ទៅតាម​វិស័យ​អាទិភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន កិច្ចសម្របសម្រួល​ឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមាន​ទំហំ​ទឹកប្រាក់​ឥណទាន​សម្បទាន​ប្រមាណ ១.៥ ប៊ី​លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ផែនការ ២០២២-២០២៤ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​ដូចជា​៖ ផ្លូវជាតិ និង​ផ្លូវ​ជនបទ​, ធា​រា​-​សាស្ត្រ​, ថាមពល​, ទឹកស្អាត​និង​អនាម័យ​, សុខាភិបាល និង​វិស័យ​ទូរគមនាគមន៍ ដែល​សុទ្ធសឹង​ជា​គម្រោង​ក្នុង វិស័យ​អាទិភាព​ចំបង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ភាគី​ទាំងពីរ ក៏បាន​សម្រេច​នូវ​សមិទ្ធផល​មួយទៀត​ផងដែរ លើ​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង ឥណទាន​សម្បទាន សម្រាប់​គម្រោង​កែលម្អ​បណ្តាញ​ត​ភ្ជាប់​ជនបទ​ដោយ​ចីរភាព (Sustainable Rural Connectivity Improvement Project) ដែលមាន​ទឹកប្រាក់​ឥណទាន​សម្បទាន​ចំនួន​៦០​លាន​ដុល្លារ​អាមេរិក​។​

​គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០២២, រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បានផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ (ODA) ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១.៧ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន សម្បទាន​មាន​ទឹកប្រាក់​ប្រមាណ ១.៣ ប៊ី​លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​មានទឹក​ប្រមាណ ជាង​៤៥៥ លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close