ក្រសួងទេសចរណ៍ និង​អង្គការ UNIDO ជំរុញ​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​!

​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ មាន​កិត្តិយស​សូម​ជូនដំណឹង ដល់​លោក លោកស្រី នាង​កញ្ញា ដែលជា​បុគ្គលិក​កំពុង​បម្រើ​ការងារ​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន (Food and Beverage Services) ក្នុង​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ឲ្យ​បាន​ជ្រាបថា​៖ ដើម្បី​ចូលរួម​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នកជំនាញ​ទេសចរណ៍​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន ឲ្យ​មាន​គុណភាព​ខ្ពស់​បន្ថែមទៀត ព្រមទាំង​ទ្រទ្រង់​ដល់​ការបណ្តុះបណ្តាល​ខាងក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុង​បរិបទ​នៃ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) សូម​ប្រកាស​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ទាំង​ពីរភេទ ចូលរួម​វគ្គ​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (Food and Beverage Services)​។​

​តាម​កាលបរិច្ឆេទ​ដូចខាងក្រោម​៖
១. ខេត្តបាត់ដំបង​៖ ចាប់ពី​ថ្ងៃទី​២០-២៥ ខែមិថុនា ឆ្នាំ​២០២២
២. ខេត្តពោធិ៍សាត់​៖ ចាប់ពី​ថ្ងៃទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២២
៣. ខេត្តកំពង់ឆ្នាំង​៖ ចាប់ពី​ថ្ងៃទី​០៤-០៩ ខែកក្កដា ឆ្នាំ​២០២២
​វគ្គ​បណ្តុះបណ្តាល​ផ្តោតលើ​ចំណេះដឹង និង​ជំនាញ​រួមមាន​៖ (១) ការងារ​របស់ខ្ញុំ​ក្នុង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ (២) ការប្រាស្រ័យ​ទាក់ទង​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច (៣) ប្រណីតភាព​សេវាកម្ម (៤) សម្ភារ​បរិក្ខារ នៅក្នុង​ភោជនីយដ្ឋាន (៥) ចំណេះដឹង​លើ​បញ្ជី​មុខម្ហូប (៦) ចំណេះដឹង​លើ​ភេសជ្ជៈ (៧) ជំនាញ​លក់ (៨) ជំនាញ​ផ្តល់​សេវាកម្ម (៩) សេវាកម្ម​ភេសជ្ជៈ (១០) លំដាប់លំដោយ​ក្នុង​ការផ្តល់​សេវាកម្ម​នៅក្នុង​ភោជនីយដ្ឋាន (១១)​នីតិវិធី​ក្នុង​ភោជនីយដ្ឋាន និង (១២)​អនាម័យ សន្តិសុខ និង សុវត្ថិភាព​ក្នុង​ហាង​។​

​សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ពី​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង​ហូ​កា នៃ​ក្រសួងទេសចរណ៍ ការបណ្តុះបណ្តាល​ផ្ទា​ល់ពី​គ្រូ​បង្គោល ហូ​កា ដែលមាន​ការទទួលស្គាល់ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ និង​ផ្តល់ជូន​អាហារ​ថ្ងៃត្រង់ និង​អាហារសម្រន់​ពីរ​ពេល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close