៥​ខែ ដើមឆ្នាំ​នេះ​! កសិផល​កម្ពុជា នាំ​ចេញទៅ​ចិន ធ្លាក់ចុះ ៦.៩%

​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០២២​នេះ ការនាំចេញ​ផលិតផល ជាពិសេស​កសិផល​ទៅកាន់​ប្រទេស​ចិន ដែលជា​ទីផ្សារ​ធំ​របស់​កម្ពុជា បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​កសិផល​ស​រុ​ប​ទៅកាន់​ទីផ្សារ អន្តរជាតិ​មាន​ចំនួន​ជាង ៤.៦​លាន​តោន ទៅកាន់​ទិសដៅ​៦០​ប្រទេស កើនឡើង​ជាង​៤២​ម៉ឺន​តោន ឬ​ស្មើនឹង​១០.២៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ត្រឹមតែ​ជាង​៤.១​លាន​តោន​ប៉ុណ្ណោះ​។​

​បើទោះបីជា​ការនាំចេញ​កើនឡើង​ក៏ដោយ ក្រសួង​សង្កេតឃើញថា ការនាំចេញ​កសិផល​ស្រស់​មួយចំនួន នាពេល​ថ្មីៗ​នេះ​មានការ​ថយចុះ​គួរឱ្យគត់សម្គាល់ ពិសេស​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​តាម​ក្រសួងកសិកម្ម ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ធ្លាក់ចុះ​នេះ បណ្តា​លម​កក​ពី​កត្តា​មួយចំនួន​ដូចជា កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល បណ្ដាលឱ្យ​ទូ​ត្រជាក់​ឡើងថ្លៃ​ជាខ្លាំង បើ​ធៀប​ទៅនឹង​មុន​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ននេះ តម្លៃ​មានការ​កើនឡើង​រហូត​ដល់​ជាង​៣​ដង​។ ទន្ទឹមគ្នានេះ ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ស្របតាម​យុទ្ធសាស្ត្រ​គ្មាន ការ​រាលដាល​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ខាងក្រៅ នៅតាម​បណ្តា​ច្រកទ្វារ​នាំចូល​ប្រទេស​ចិន​-​វៀតណាម បណ្តាលឱ្យមាន​ការរាំងស្ទះ​ទំនិញ និង​ការ​រឹតបន្តឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​បណ្ដាលមកពី​ការរកឃើញ​ជំងឺ​កូ​វីដ​-១៩ នៅ លើ​សំបក​កេស​វេច​ខ្ចប់​ផ្លែ​ចេក ពី​សំណាក់​អាជ្ញាធរ​គយ​ចិន ជាហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​អាក់ខាន ការនាំចេញ​មួយរយៈ និង​ក្រុមហ៊ុន​ខ្លះ​ទុកចោល​មិន​ប្រមូល​ផល​។​

​យោងតាម​ទិន្នន័យ ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញ ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ជាង ៥១៩​លាន​ដុល្លារ​ទៅកាន់​ប្រទេស​ចិន ថយចុះ​៦.៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​។ ក្នុង​រយៈពេល​ដូចគ្នានេះដែរ ចិន​បាន​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ​មានតម្លៃ ៤ ៤៧០​លាន​ដុល្លារ កើនឡើង​៣១.៥% ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ ជាង ៤ ៩៩០​លាន​ដុល្លារ កើនឡើង​២៦.១%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close