កីឡាករ​បាល់ទះ​កម្ពុជា វឿន វាសនា ទៅលេង​នៅ​ក្លិប​វៀតណាម​

​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា វឿន វាសនា គូសបញ្ជាក់ថា ខ្លួន​ពិត​សប្បាយចិត្ត ដែល​អាច​ឈានដល់​កិច្ចព្រមព្រៀង ក្នុង​ការលេង​ឲ្យ​ក្លិប Long An នៃ​លី​គ​កំពូល​បាល់ទះ​វៀតណាម​។​

​សមាជិក​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ជួយ​ក្រុម​ឈ្នះ​មេដាយ​សំរឹទ្ធ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ជូន​ជាតិ​រូបនេះ​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ថ្មី សម្រាប់​កិច្ចព្រមព្រៀង​លេង​រយៈពេល​ត្រឹម​២​សប្ដាហ៍​។​

​កីឡាករ​ដ៏​ឆ្នើម​វ័យ ២១​ឆ្នាំ​រូបនេះ​និយាយ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​ថា ទិសដៅ​របស់ខ្លួន នៅ​វៀតណាម​នេះ នឹង​ទៅ​បង្ហាញ​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​លេចធ្លោ​ជាង​នេះ​បន្ដទៀត ក៏ដូចជា​ការត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ​។ នៅ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​មុន កន្លងមក វឿន វាសនា​ថា​បង្ហាញ​លេចធ្លោ​តិចតួច ប៉ុន្តែ​រូបគេ​នឹង​បន្ត​ការព្យាយាម​បន្ថែមទៀត ពេល​ខ្ញុំ​ទៅលេង​នៅ​វៀតណាម ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ទទួលបាន​ឱកាស​ទៅលេង​នៅ​ប្រទេស​ផ្សេងៗ​ទៀត នាពេលខាងមុខ​។​

​កីឡាករ​បាល់ទះ​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះ​ថា សម្រាប់​ការចូលរួម​ប្រកួត​នៅ​ក្លិប Long An នៅ​ប្រទេស​វៀតណាម រូបគេ​នឹង​ព្យាយាម​ស្វែងយល់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី ដើម្បី​ជួយ​ក្រុម​ក្នុងការ​ប្រកួត​រយៈពេល​២​សប្ដាហ៍​នាពេលខាងមុខ​ឲ្យ​បានល្អ​ប្រសើរ​។ «​ខ្ញុំ​នឹង​ព្យាយាម​ទទួលយក​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ផង និង​យកមកចែក​រំលែក​ដល់​មិត្ត​រួម​ក្រុម​នៅ​កម្ពុជា​វិញ​ផង​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close