ជាងឡានម្នាក់បាត់​បង់ជីវិត ក្រោយ​ជួសជុល​ខុស​បច្ចេកទេស

បុរសជាជាងជួសជុលរថយន្ត​ម្នាក់បាន​ស្លាប់​ពេល​ដឹកបញ្ជូនទៅ​កាន់មន្ទីរពេទ្យ ក្រោយ​ពីរងគ្រោះថ្នាក់ដោយរថយន្ត​សង្កត់ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២២ នៅចំណុច​ភូមិ​និស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ ផន សុភ័ណ្ឌ ភេទប្រុស អាយុ​៣៨ឆ្នាំ ជាជាងជួសជុលរថយន្ត មានទីលំនៅ​ភូមិ​គោក​ធ្លក ឃុំ​កណ្តែក ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប។

តាមសាក្សី​និយាយថា នៅវេលាម៉ោង​ប្រមាណ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២២ បុរសជាជាងរថយន្ត​ខាងលើ ត្រូវ​គេហៅឲ្យ​មក​ជួសជុលរថយន្ត​នៅ​ភូមិ​ឃុំ​កើតហេតុខាងលើ លុះវេលាម៉ោង​ប្រមាណ៥រសៀល ជនរងគ្រោះបាន​មក​ដល់ និង​ធ្វើការ​ជួសជុលរថយន្ត​ប្រភេទ​មួយតោន​កន្លះ។ ខណៈកំពុងជួសជុលនោះ ជាងរថយន្តរងគ្រោះ ក៏​បានហៅ​ក្មួយ​ម្ចាស់​រថយន្ត​ឲ្យ​មក​ជួយ​ ដោយ​ឲ្យ​ក្មួយ​ម្ចាស់រថយន្ត​បានឡើងទៅលើរថយន្ត​កាច់ចង្កូត ចំណែកជាងជួសជុលរថយន្ត​ចូលទៅខាងក្រោមរថយន្ត​ដើម្បីពិនិត្យ។

មួយសន្ទុះក្រោយ​មក ស្រាប់តែរថយន្តនោះកញ្ឆក់ទៅក្រោយ​បណ្តាល​ឲ្យ​សង្កត់ទៅ​លើ​ជាងជួសជុលរថយន្ត ហើយ​ភ្លាមៗនោះដែរ​ក៏​មានអ្នកជិតខាងមកជួយទាញយក​ជាង​ជួសជុលរថយន្ត​មក​ខាងក្រៅ និង​បាន​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ តែពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ក្រុមគ្រូពេទ្យបានប្រាប់ថា ជងរងគ្រោះបានស្លាប់បាត់ទៅ​ហើយ តាំងតែពីពេលដឹក​មក​តាមផ្លូវម្ល៉េះ។

យ៉ាងណាក៏ដោយ សពជនរងគ្រោះ​ត្រូវ​បានក្រុមគ្រួសារ​ដឹក​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែកសមត្ថកិច្ច​បានសន្និដ្ឋានចំពោះករណីនេះ​ថា ជនរងគ្រោះ​បានស្លាប់​ដោយ​សារ​គ្រាំក្នុង​ខ្លួនធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close