ឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនៅអាគារ KAMPUS
ភ្នំពេញ៖ ពិព័រណ៍ការងារនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងបរិវេណអាគារ KAMPUS ដែលមានអាសយដ្ឋាន ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវឱកាសការងារប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗ ជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរក ការងារធ្វើ។
ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា។
ពិព័រណ៍ការងារប្រចាំឆមាស ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ ជួបសម្ភាសផ្ទាល់ ព្រមទាំងទទួល បានការប្រឹក្សាយោបល់អាជីព និងការងារ ក្នុងការត្រៀមចូល ទីផ្សារការងារ ។
យុវជន និងអ្នកស្វែងរកការងារសូមកុំភ្លេចចាប់យកឱកាស ការងារពីពិព័រណ៍នេះឲ្យបានទាន់ពេលវេលាដោយចូលរួមទស្សនា, ជួបសួរព័ត៌មានពីក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងរៀបចំប្រវត្តិរូបឲ្យបានច្រើនដើម្បីត្រៀមដាក់ពាក្យស្នើសុំការងារពីក្រុមហ៊ុនធំៗជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។