ពិព័រណ៍​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ លើក​ទី​១៥ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៧ បាន​បើកសម្ពោធ​ជា​ផ្លូវការ​យ៉ាង​ឱឡារិក​នៅ​ក្រុង​សៀមរាប​

​សៀមរាប​៖ ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ លើក​ទី​១៥ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៧ បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុប​ប្រមាណ ៣០០ នាក់​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​បាន​ចំនួន​៧​រដូវ​កាល​កន្លងមកហើយ​។ យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​សំឡេង​ជួង​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ទូទៅ​ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដែល​ផលិតករ កសិករ​កម្ពុជា ផលិត​បាន​នៅតាម​មូលដ្ឋាន ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហានៗ ជាពិសេស​បាន​ជួយ​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​នៅតាម​សហគមន៍ បានផ្ដល់​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ ដល់​ផលិតករ​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ពួកគាត់​ផលិត​នូវ​ទំនិញ និង​សេវា ដែលមាន​គុណភាព មាន​សុវត្ថិភាព មាន​អនាម័យ​ល្អ មានតម្លៃ​សមរម្យ និង​ជាទី​ទុកចិត្ត​សម្រាប់​អ្នកប្រើប្រាស់​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា ជា​លទ្ធផល​ឃើញថា ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ ធ្វើឱ្យ​ការគាំទ្រ និង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​។ ម្យ៉ាងទៀត បានធ្វើឱ្យ​ផលិតផល​ខ្មែរ​ចាប់ផ្តើម​រីកដុះដាល និង​មាន​វត្តមាន​លើ​ទីផ្សារ​កាន់តែ​ច្រើនឡើង​ទាំង​ទីផ្សារ​ធម្មតា ផ្សារ​ទំនើប ទីផ្សារ​ក្នុង​អាកាសយានដ្ឋាន និង​នៅ​បរទេស និង​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស ដែល​បាននិងកំពុង​ធ្វើចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​អនុវត្តន៍​នូវ​របប​ទីផ្សារសេរី​។​

​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខ្មែរ បន្លែ និង​ផ្លែឈើ​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦-១៩ ខែមិថុនា ឆ្នាំ​២០២២​នា​ក្រុង​សៀមរាប​នេះ មានការ​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ និង​ផលិតផល​របស់​សហគម​ន៍​ផលិតផល​ភូមិ​១ ផលិតផល​១ មកពី​រាជធានី​-​ខេត្ត​ចំនួន​១៤​។ ក្នុងឱកាស​នេះ​ផងដែរ គណៈកម្មការ​រៀបចំ​ពិព័រណ៍​បានជ្រើសរើស​មុខម្ហូប​ល្បីៗ​របស់​ស្រុក​ទាំង​១២​នៃ​ខេត្តសៀមរាប និង​មានការ​ប្រកួត​ចម្អិនម្ហូប​ខ្មែរ​ដោយ​ក្រុមការងារ​ចុងភៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ជូន​ភ្ញៀវ​ទស្សនា​ផងដែរ​។​

នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​នេះ ក៏មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចសន្យា​ពាណិជ្ជកម្ម ចំនួន​៥ លើ​កិច្ច​ការជំរុញ​ពាណិជ្ជកម្ម និង​ការស្វែងរក​ទីផ្សារ​ជូន​កសិករ ផលិតករ និង​ពិធី​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ពាណិជ្ជករ​ដែល​បាន​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​ក្នុង​តំបន់​ក្រហម​អំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយ​វិបត្តិ​កូ​វីដ​-១៩ និង​ពាណិជ្ជករ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ក្រសួង​ក្នុងការ​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក​២០២០​ឌុយ​បៃ សហភាព​អារ៉ាប់​រួម​ដោយ​ជោគជ័យ​។ អម​ជាមួយ​ព្រឹត្តិការណ៍​ខាងលើ ក្រសួងពាណិជ្ជកម្ម មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ជំរុញ និង​លើកកម្ពស់​ផលិតផល​ខ្មែរ​ចំនួន​៣ ក្នុង​ទីតាំង​ផ្សេងៗ​គ្នា និង​ការធ្វើ​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ (IKTT) មណ្ឌល ផលិត​និង​រចនា​កិល​ភាជន៍​សៀមរាប និង​ចុះ​ទស្សនា​ផ្សា​រលក់​ផលិតផល​ខ្មែរ ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ​កម្ពុជា​ខិតខំ ផលិត​ទំនិញ​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព គុណភាព អនាម័យ ការ​វេច​ខ្ចប់​បានល្អ​សមរម្យ​សម្រាប់​ទីផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close