វត្តមាន​សត្វ​ក្តាន់​ដែលជា​ប្រភេទ​កម្រ​ក្នុងប្រទេស​កម្ពុជា​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស​នៅ​កម្ពុជា និង​ពិភពលោក​

​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​២០២២ ស្តីពី​ស្ថានភាព និង​របាយ​សត្វ​ក្តាន់ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​នៃ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​ក្នុង​ខេត្តក្រចេះ បានបង្ហាញ​ថា​មាន​សត្វ​ក្តាន់​សរុប​ចំនួន​ប្រមាណ ៨៤​ក្បាល ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ក៏​នេះ​បានបង្ហាញ​ផងដែរ​ពី​វត្តមាន នៃ​សត្វ​ក្តាន់​វ័យ​ជំទង់ និង​កូន​ជាច្រើន ដែលជា​សញ្ញាណ​វិជ្ជមាន​បង្ហាញ ពី​ការបន្ត​ពូជ​របស់ សត្វ​ដ៏​កម្រ​ប្រភេទ​នេះ​នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​។ អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​សន្និដ្ឋានថា សត្វ​ក្តាន់​បាន​ផុត​ពូជ​ទៅ​ហើយពី​ប្រទេស​កម្ពុជា រហូតដល់​ឆ្នាំ​២០០៦ ទើប​វា​ត្រូវបាន​គេ​រកឃើញ​មាន​វត្ត​ឡើងវិញ​ក្នុង​ខេត្តក្រចេះ​តាមរយៈ​រូបភាព​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។​

​លោក អៀម សំ​អ៊​ន់ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​តំបន់​ទេសភាព​មេគង្គ​នៃ​អង្គការ​WWF បាន​រៀបរាប់ថា​៖ «​អស់​រយៈកាល​១៦​ឆ្នាំ​ហើយ​បន្ទាប់ពី​ការរកឃើញ​វត្តមាន​សត្វ​ក្តាន់​ឡើងវិញ នេះ​ជាការ​ចងក្រង​របាយការណ៍​ស្តីពី​ចំនួន​សត្វ​ក្តាន់​នៅ​កម្ពុជា​លើកដំបូង​សម្រាប់​ការអភិរក្ស​សត្វ​ដ៏​កម្រ​នៅ លើ​ពិភពលោក​មួយ​ប្រភេទ​នេះ​»​។ សត្វ​ក្តាន់​ជា​ប្រភេទ​សត្វ​ពិបាក​ប្រទះឃើញ និង​អង្កេត​ផ្ទាល់​ដូច​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម​ដទៃទៀត​ណាស់​។ ការសិក្សា​ស្ថានភាព និង​របាយ​សត្វ​ប្រភេទ​នេះ​បាន​ធ្វើឡើង​ដោយ​ការពង្រាយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ដែល​វា​រស់នៅ​។ ការស្រាវជ្រាវ​នេះ​បាន​សហការ​រៀបចំ​ដោយ​ក្រុម​ជំនាញ​សត្វព្រៃ​មកពី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​នៃ​ក្រសួងបរិស្ថាន អង្គការ​WWF អង្គការ​BINCO និង​មានការ​ចូលរួម​ពី​សំណាក់​សមាជិក​សហគម​ន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា​៖ «​ក្រសួងបរិស្ថាន មាន​សេចក្តីត្រេកអរ និង​មាន​មោ​ន​ត​ភាពជា​ខ្លាំង​ដែល​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ផ្តល់​ទីជម្រក​សុខសាន្ត សម្រាប់​ការរស់រានរ​បស់​ប្រភេទ​សត្វ​សំខាន់ៗ​ជា​សកល​ដូចជា​សត្វ​ក្តាន់​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ពី​វត្តមាន និង​ការបន្ត​ពូជ​របស់​វា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​។

​ដោយសារ​កម្ពុ​ជាមាន​ស​ន្តិ​ភាព​ពេ​ញេ​លេញ និង​ស្ថេរភាព​នយោបាយ​ល្អប្រសើរ វា​បាន​ផ្តល់ឱកាស​ពេញលេញ​ដល់​ក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​នានា ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​ក្នុង​តំបន់​នេះ ដែល​ក្នុងនោះ​ធនធានធម្មជាតិ​ត្រូវបាន​ការពារ រីឯ​ប្រភេទ​សត្វ​មួយចំនួន​បាន​កើនឡើង​។

​យើង​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​រួមគ្នា​បន្ថែ​ម​ទៀត​ក្នុង​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​ដែលមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ជម្រុញ​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​ប្រសើរឡើង​ជាពិសេស​តាមរយៈ​វិស័យ​ទេសចរណ៍ធម្មជាតិ ក៏ដូចជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​កម្ពុជា និង​សកលលោក​»​។​

«​ក្រសួងបរិស្ថាន រួម​ជាមួយនឹង​អង្គការ​WWF បាននិងកំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ការពារ និង​អភិរក្ស សត្វ​ក្តាន់​ដ៏​កម្រ​នេះ​តាមរយៈ​ការបង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន ការអប់រំ​ផ្សព្វផ្សាយ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​រាល់​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​ធ្វើយ៉ាងណា ធានា ការរស់រាន​របស់​ស​ត្វ​ក្តាន់ និង​សត្វព្រៃ​ដ៏​មានតម្លៃ​ជា​សកល​ដ៏ទៃទៀត​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​»​។​

​ក្រៅពី​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ក្តាន់​នេះ​ក៏មាន​រស់នៅ​ផងដែរ​ក្នុងប្រទេស​ឥណ្ឌា នេ​បាល់ ប៊ូ​តាន់ បង់​ក្លា​ដេ​ស ភូមា និង​ថៃ ហើយ​អ្នកវិទ្យាសាស្ត្រ​ជឿថា​សត្វ​ក្តាន់​ប្រហែល​បាន​ផុត​ពូជ​បាត់ទៅ​ហើយពី​ប្រទេស​ចិន ឡាវ និង​វៀតណាម​។​

​លោកស្រី អេង សុខន សមាជិក​សហគមន៍​ល្បាត​ស្ម័គ្រចិត្ត នៅ​សហគមន៍​ជ្រោយ​បន្ទាយ​នៃ​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ បាន​រៀបរាប់ថា​៖ «​លោកស្រី​មាន​មោទនភាព​ដែល​សត្វ​កម្រ​ដូច​សត្វ​ក្តាន់​នៅតែមាន​ក្នុងព្រៃ​ធម្មជាតិ​ក្នុង​ខេត្តក្រចេះ ហើយ លោកស្រី​បាន និង​កំពុង​ចូលរួម​ក្នុងការ​ល្បាត​ព្រៃ និង​ដោះ​អន្ទាក់​ក្នុង​ដែន ជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​។ ​លោកស្រី​ថា​៖ “​ខ្ញុំ​ក៏ដូចជា​សមាជិក​ក្រុម​ល្បាត​ដ៏ទៃទៀត​ដែរ​មានចិត្ត​មោះមុត​ក្នុង​ចូលរួម ការពារ​សត្វព្រៃ ចុះ​ល្បាត ដោះ អន្ទាក់​ចេញពី​ព្រៃ​ទីជម្រក ការពារ​ព្រៃ​សម្រាប់​អោយ​សត្វ​ជ្រកកោន ធ្វើយ៉ាងណា​ថែរក្សា សត្វព្រៃ និង​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ត​ទៅមុខទៀត​»​។​

​សត្វ​ក្តាន់ ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ជាស​កល​។ ការរស់រាន​របស់​ស​ត្វ​ក្តាន់ ត្រូវបាន​គំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការ​បរបាញ់​ខុសច្បាប់ និង​វិបត្តិ​អន្ទាក់​ដែល បណ្តាលមកពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​លោក សេង ទៀក នាយក​អង្គការ​WWF បាន​មានប្រសាសន៍ថា​៖ «​លទ្ធផល​ស្រាវជ្រាវ​នាពេលនេះ​មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​កេ​ត​នាម​របស់​កម្ពុជា​លេច​ត្រដែត​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បានបង្ហាញ​ពី​សារៈសំខាន់​ជាស​កល​នៃ​តំបន់​ទេសភាព​មេគង្គ​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ការរស់រាន​របស់​សត្វព្រៃ​ទាំង​លើគោក និង​ក្នុង​ទឹក​គ្រប់​ប្រភេទ​»​។ លោក​បាន​បន្ថែមថា​៖ «​អង្គការ​WWF សូម​កោតសរសើរ និង​សូម​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ស្រាវជ្រាវ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន​ដើម្បី​ការពារ​តំបន់​សត្វព្រៃ​ទាំងនេះ​សម្រាប់​ជា​ប្រយោជន៍​របស់​ធម្មជាតិ និង​មនុស្ស​គ្រប់​ជំនាន់​»​។​

​វិធានការ​អភិរក្ស​រួមគ្នា​បន្ទាន់​បន្ថែម​គឺ​ចាំបាច់​ណាស់ ដើម្បី​ធានាថា​ទីជម្រក​ចុងក្រោយ​របស់​សត្វ​ក្តាន់​ដ៏​កម្រ​នេះ​គ្មាន​ការគំរាមកំហែង​ដោយ​សកម្មភាព​ខុសច្បាប់ ពោលគឺ​គ្មាន​ការដាក់​អន្ទាក់ គ្មាន​ការ​បរបាញ់ និង​ការជួញដូរ​សត្វព្រៃ​ក្នុង​តំបន់​។ ការស្តារ​ចំនួន និង​ទីជម្រក​សត្វ​ក្តាន់ ព្រមទាំង​ការបន្ត​ពង្រឹង​ជម្រើស​ជីវភាព​របស់​ស​ហគ​មន៍​ក្នុង​តំបន់​គឺជា​វិធាន​ចាំបាច់​ផងដែរ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​រៀបចំ និង​អនុវត្ត​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា​៖ “​ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដោយ​បោះបង់​ចោលការ​បរបាញ់ និង​ដាក់​អន្ទាក់ បញ្ឈប់​ការទិញ ការបរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​ចូលរួម​ថែរក្សា និង​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ដូចជា​សត្វ​ក្តាន់​នេះ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀ​តទៅ​អនាគត​យូរអង្វែង និង​សម្រាប់​ពង្រឹង​ការអភិវឌ្ឍ​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន​»​។​

​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​នឹង​បន្ត​ពង្រឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ស្តីពី​របាយ​សត្វ​ក្តាន់​ឲ្យ​កាន់តែ​សុ​ក្រិត​ថែមទៀត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដ្រូ​ន​ជាមួយ​ម៉ាស៊ីន​ថត​ប្រើ​កំដៅ​នៅ​ទូទាំង​ដែន​ជម្រក​ទាំងមូល​។​ ​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ ដែលជា​ទីជម្រក​ធម្មជាតិ​របស់​សត្វ​ក្តាន់​នេះ ស្ថិតក្រោម​ការសហការ​ពារ​យ៉ាង​តឹងរឹង ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន គាំទ្រ​ដោយ​អង្គការ WWF និង​ចូលរួម​ដោយ​ក្រុម​ល្បាត​សហគមន៍​។ បច្ចុប្បន្ន​ក្រ សួង​បរិស្ថាន និង​ដៃគូ​នានា​កំពុង​រៀបចំ​យុទ្ធនា​ការណ៍ អន្ទាក់​សូន្យ​ដើម្បី​ជួយសង្គ្រោះ​សត្វ​ក្តាន់ និង​សត្វព្រៃ​សំខាន់ៗ ជា​សកល​ជាច្រើន​ប្រភេទ​ទៀត​ក្នុងប្រទេស​កម្ពុជា​ពី​ការ​បរបាញ់ និង​ការដាក់​អន្ទាក់ ដោយមាន​គោលដៅ​លុបបំបាត់ ការដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ចប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​មូលនិធិ និង​ការគាំទ្រ​ពី WWF​បែ​ល​ហ្សិ​ក រដ្ឋាភិបាល​ប្រទេស​បែ​ល​ហ្សិ​ក (DGD) មូលនិធិ​ភាពជា​ដៃគូ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ (CEPF) ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចប្រតិបត្តិការ​(SDC) និង​Binco៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close