ពង្រូល ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ
ពង្រូល (ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្ត្រ៖ Manis javanica)។ ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។ ជើងមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។
វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។
នៅក្នុងប្រទេសកម្ពុជា ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ (CR)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។