កីឡាករ កីឡាការិនី​ចំបាប់​ដណ្តើមបាន​មេដាយ​៧​គ្រឿង ក្នុងការ​ប្រកួត​ជើងឯក​ចំបាប់​ឆ្នេរ​ខ្សាច់ នៅ​ថៃ​

​កីឡាករ កីឡាការិនី​ចំបាប់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២០​ឆ្នាំ និង​ក្រោម​១៥​ឆ្នាំ បានឈ្នះ​មេដាយមាស ៣​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង សរុប​៧​គ្រឿង​ពី​ការប្រកួត​ជើងឯក​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់ នៅ​ខេត្ត Uttaradit ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​។​

​មេដាយ​៧​គ្រឿង ដែល​ដណ្តើមបាន រួមមាន​៖ យុវជន​ក្រោម​១៥​ឆ្នាំ មេដាយមាស​១​គ្រឿង ដណ្តើមបាន​ដោយ​កីឡាករ ស៊ីម ប្រសើ ក្នុង​ទម្ងន់​៤១​គីឡូក្រាម និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ដោយ​កីឡាករ លឿន ចាន់​មុន្នី ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​។ ក្រោម​អាយុ​២០​ឆ្នាំ រួមមាន​៖ មេដាយមាស​១​គ្រឿង ដោយ​កីឡាករ ចាប សុខលី ទម្ងន់​៦៥​គីឡូក្រាម មេដាយមាស​១​គ្រឿង ដោយ​កីឡាករ អុល សៅ​ហេង លើ​ទម្ងន់​៧៤​គីឡូក្រាម​។
​មេដាយប្រាក់​៣​គ្រឿង ដណ្តើមបាន​ដោយ​កីឡាការិនី សម្បត្តិ វណ្ណៈ ទម្ងន់​៥៥​គីឡូក្រាម កីឡាការិនី ស៊ឺ​ម គាថា ទម្ងន់​៥០​គីឡូក្រាម និង​កីឡាការិនី ជឿន ស្រី​ឡែ​ន លើ​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

​លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន ខេ​ម​អេ​ដ គូសបញ្ជាក់ថា ការ​ឈ្នះ​មេដាយ​៧​គ្រឿង នៅក្នុង​ការប្រកួត​ជើងឯក​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់ នៅ​ខេត្ត Uttaradit ប្រទេស​ថៃ គឺ​ជាម​ធ្យោ​យ​បាយ​ដ៏​ល្អ​មួយ សម្រាប់​ចំបាប់​កម្ពុជា ក្នុង​ការកសាង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​បទពិសោធ​របស់​ពួកគេ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រូបនេះ​បាន​ចាត់ទុកថា ការចូលរួម​ប្រកួត​របស់​ក្រុម​ចំបាប់​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​ឆ្នេរ​ខ្សាច់ នៅ​ប្រទេស​ថៃ (Beach Wrestling Championships of Thailand at Uttaradit Province June 11-18, 2022) នេះ គឺ​វា​មាន​សារសំខាន់ សម្រាប់​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា ក្នុងការ​ចូលរួម​កសាង​បទពិសោធន៍ និង​ជំនាញ សម្រាប់​ការត្រៀមខ្លួន​ឆ្ពោះទៅ​ប្រជែង​មេដាយ​ញ​ជូន​ជាតិ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក ខេ​ស៊ី បា​ណេ​ត អះអាង​ទៀតថា ការចូលរួម​ប្រកួត និង​ដណ្តើម​មេដាយ នាពេលនេះ គឺជា​រឿង​ល្អ​ណាស់ ពីព្រោះថា ព្រឹត្តិការណ៍​នេះ មាន​គូប្រជែង​ជាច្រើន ក្នុង​ប្រភេទ​ទម្ងន់​នីមួយៗ ហើយ​ប្រភេទ​ទម្ងន់​ខ្លះ មាន​ដល់​ទៅ ១២​នាក់​។ ដូច្នេះ អ្នក​ចំបាប់​កម្ពុជា​ត្រូវ​ប្រឹងប្រែង ដើម្បី​សម្រេចបាន​ជ័យជម្នះ​របស់​ពួកគេ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់​នេះ មាន​៣​ប្រទេស​ចូលរួម គឺ​ម្ចាស់ផ្ទះ​ថៃ ដែលមាន​ក្លិប​ចូលរួម​ប្រកួត​ចំនួន ៣០ សិង្ហ​បុរី និង​កម្ពុជា ដែល​បាន​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​១១​នាក់ រួមមាន​៖ លោក ខេ​ស៊ី ដូ​ក្លាស​បា​ណេ​ត អ្នកដឹកនាំ​ក្រុម អ្នកស្រី កាង ណុ​ចប​វរ នាយក​បច្ចេកទេស និង​លោក ចាប លឿន ជា​គ្រូបង្វឹក​។ ចំពោះ​កីឡាករ កីឡាការិនី​៨​នាក់​បាន​ប្រកួត​លើ​ប្រភេទ​ចំបាប់​សេរី​ដូចៗ​គ្នា (៨​ប្រភេទ​ទម្ងន់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close