ចុង​សប្ដាហ៍​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៣៦​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​នេះ បានបង្ហាញ​ពី​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២២ ដែលមាន​ភ្ញៀវទេសចរ​ចេញ​ដើរ​ទស្សនា​ទូទាំងប្រទេស​សរុប​៣៦៤,៦៣៦​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​៣៤៥,១៤៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៩,៤៩៣​នាក់​។​

​ឯកឧត្តម បានបញ្ជាក់​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៦,៨២៩​នាក់​
* ខេត្តកំពត ៤៨,៩០៥​នាក់​
* ខេត្តសៀមរាប ៤៨,៨៦៧​នាក់​
* ខេត្តបាត់ដំបង ៤៣,៦២១​នាក់​
* ខេត្ត​កែប ៣៤,៥០០​នាក់​
* ខេត្តបន្ទាយមានជ័យ ២២,៤៣០​នាក់​
* រាជធានី​ភ្នំពេញ ១៧,០៩០​នាក់​
* ខេត្តពោធិ៍សាត់ ១៦,១២០​នាក់​
* ខេត្តកំពង់ស្ពឺ ១៣,៥៨៤​នាក់​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា តួលេខ​ចុង​សប្តាហ៍​នេះ បន្ត​កើនឡើង​ប្រមាណ​១១.៤៥% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។ ដោយសារ​មាន​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​កាលពី​ថ្ងៃ​សៅរ៍ ចរន្ត​នៃ​ការដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​មានការ​ប្រែប្រួល​ខ្លះ​ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ដែល​ភ្ញៀវ​ភាគច្រើន​គឺជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់ ឬ​ភ្ញៀវ​មក​ខេត្ត​ជិតៗ ខណៈដែល​ចុង​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បានចេញ​ធ្វើដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ ពិសេស​បណ្តា​ខេត្ត​តំបន់ឆ្នេរ ខេត្តសៀមរាប និង​បាត់ដំបង​ជាដើម ដោយ​ពួកគាត់​ខ្លះ​បានចេញ​ដំណើរ​តាំងពី​ល្ងាច​ថ្ងៃ​សុក្រ និង​ត្រលប់​ចូលមក​រាជធានី​ភ្នំពេញ​វិញ​នា​ល្ងាច​នេះ​។ អត្រា​កក់​បន្ទប់​ស្នាក់នៅ​ក៏មាន​ចំនួន​ច្រើន​នា​ចុង​សប្តាហ៍​នេះ ពិសេស​នៅ​កំពត កែប ព្រះសីហនុ និង​ខេត្តសៀមរាប​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close