ជាង៣៦០០នាក់ ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ
អ្នករត់ប្រណាំងចំនួន ៣៦២១នាក់បានបង្ហាញក្តីរីករាយ ក្នុងការចូលរួមរត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះមរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ថ្លែងក្នុងឱកាសបើកទិវារត់ប្រណាំងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិបានដំណើរការឡើងវិញ ក្រោយពីបានខកខាន រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិតបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនីជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រចលនាកីឡាយ៉ាងច្រើនកុះករ នាពេលនេះ។ «សូមចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បី ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា ទិវារត់ប្រណាំងខួបលើកទី១០ឆ្នាំ ព្រឹកនេះមានអ្នកចូលរួមតំសរុប ៣៦២១នាក់ ក្នុងនោះកីឡាករ កីឡាការិនីជាតិ ៣២៣៦នាក់ និងបរទេសចំនួន ៣៨៥នាក់ ភាគច្រើនជាជនបរទេសនៅកម្ពុជា និងចំនួនអ្នកចូលរួមប្រមាណ ១០% មកពីក្រៅប្រទេស។ «ដើម្បីសុវត្ថិភាព ប្រកបដោយភាពសប្បាយរីករាយ សូមកីឡាករ-កីឡាការិនីទាំងអស់ស្តាប់ការណែនាំ បច្ចេកទេស និងកុំរត់ប្រជែងគ្នា ខ្ទាស់ជើងគ្នា ឬ រត់ហួសពីកម្លាំងសុខភាពខ្លួន ពីព្រោះនេះជាទិវារត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពតែប៉ុណ្ណោះ មិនមែនរត់ប្រណាំងដណ្ដើមឧត្ដមភាពបច្ចេកទេស ឬ ពានរង្វាន់ នោះទេ»។
គួរបញ្ជាក់ថា ជ័យលាភីរត់២១គីឡូម៉ែត្រ ផ្នែកនារី រួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាការិនីជប៉ុន OTA Natsuko លេខ២ កីឡាការិនីចិន Lee Yin Ling និងលេខ៣ កីឡការិនីជប៉ុន Fukunari Mizuki។ ២១គីឡូម៉ែត្រផ្នែកបុរស កីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន OTA Yugo។
វិញ្ញាសា១០គីឡូម៉ែត្រផ្នែកនារីបានទៅលើកីឡាការិនីកម្ពុជាទាំងអស់ លេខ១ កីឡាការិនី ថន សុម៉ាវត្តី លេខ២ កីឡាការិនី អួន ច័ន្ទភត្រា និងលេខ៣ អេង មុយងីម។ ជ័យលាភី១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករអេត្យូពី Ayal Andarge និងកីឡាករកម្ពុជា កាំង ធឿន និងកីឡាករ Ouk Rohit៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។