​គម្រោង​​ជួសជុល​ស្ពាន​តាអោ​ង ដំណាក់កាល​ទី​២ បញ្ចប់​ទៅដោយ​ជោគជ័យ​

​គម្រោង​ជួសជុល​ស្ពាន​តាអោ​ង​នៅ​ដំណាក់កាល​ទី​២ បានបញ្ចប់​ទៅដោយ​ជោគជ័យ ទោះបី​មាន​ឧបសគ្គ​ខ្លះៗ​កំឡុងពេល​ជួសជុល​ក៏ដោយ ដែល​ការងារ​នេះ​មាន​រយៈពេល​៣​ខែ ចាប់ផ្តើម​តាំងពី​ខែមីនា រហូតដល់​ខែមិថុនា ឆ្នាំ​២០២២​នេះ ។​

​លោក ឮ ចាន់​ណូ​រ៉ា បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ប្រាប់​ឱ្យដឹងថា ការជួសជុល​ស្ពាន​តាអោ​ង​ក្នុងដំណាក់កាល​ទី​២​នេះ ផ្តោត​សំខាន់​ផ្នែក​ខាងត្បូង​នៃ​ស្ពាន ជួសជុល​ពង្រឹង​ជញ្ជាំង​ប្រេះ​ហែក​១​កន្លែង និង​សសរស្ពាន​ដែល​បាន​រលុះ​ធ្លាក់​២​កន្លែង និង​បង្កាន់ដៃ​នាគ​ប្រវែង​៧០​មែត្រ​។

​លោក ចាន់​ណូ​រ៉ា បន្ថែមថា កំឡុងពេល​ជួសជុល ក្រុមការងារ​បានធ្វើ​សម្រង់​ប្លង់ ចុះបញ្ជី​ថ្ម ជួសជុល​ថ្ម រៀប​ពង្រឹង​សសរ​ដែល​រលុះ​ធ្លាក់ ជួសជុល​ពង្រឹង​ជញ្ជាំង​ដែល​ក្រៀក​ហែក​ផ្នែក​ខាងកើត​ឱ្យ​ត្រូវ​តាម​លំនាំ​ដើម និង​ជួសជុល​រៀបចំ​បង្កាន់ដៃ​នាគ​ដាក់ចូល​តាម​ទីតាំង​ដើម​ឡើងវិញ​។ ជាមួយគ្នានេះដែរ អ្នកជំនាញ​រូបនេះ​បានលើកឡើង​ពី​ឧបសគ្គ​មួយចំនួន​កំឡុងពេល​ជួសជុល​ថា​៖ ទី​១- ថ្ម​ប្រេះ​ហែក​ហៀបនឹង​ធ្លាក់​ច្រើន​ចំណុច ទាមទារ​ឱ្យមាន​ការ​ទល់​ទ្រ​ជាបន្ទាន់​មុន​ការជួសជុល​ដើម្បី​បង្ការ​ការ​រលុះ​ធ្លាក់ និង​រក្សា​សុ​វត្តិភាព ទី​២- កំឡុងពេល​អនុវត្ត​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ជាង​មួយខែ​បណ្តាលឱ្យ​កម្ពស់​ទឹកស្ទឹង​ឡើងជា​បន្តបន្ទាប់​ដែលជា​ឧបសគ្គ​ចម្បង​ក្នុងការ​ជួសជុល​ជើង​ខាងក្រោម​របស់​ស្ពាន ហើយ​ក្រុមការងារ​ខិតខំ​ប្រឹងប្រែង​ជួសជុល​ជើង​ក្រោម និង​ចាប់​រន្ទារ​ឡើង​អោយ​ផុតពី​កម្រិត​ទឹក​ជន់​ដើម្បី​កុំឱ្យ​រាំងស្ទះ​ការងារ និង​បានបញ្ចប់​ដោយ​ទទួលជោគជ័យ​ទៅតាម​ការគ្រោងទុក​។​

​បុរាណ​វិទូ​រូបនេះ​បន្តថា ការងារ​ជួសជុល​នេះ​គឺ​រក្សាបាន​នូវ​តម្លៃ​ស្ថាបត្យកម្ម តម្លៃ​ប្រវត្តិសាស្ត្រ រក្សា​កេរដំណែល ព្រមទាំង​ថែរក្សា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សម័យបុរាណ​សម្រាប់​មនុ​ស្ស​ជំនាន់​នេះ និង​កូនចៅ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែងយល់​ពី​ស្នាដៃ​របស់​ដូនតា និង​ធ្វើដំណើរ​ឆ្លងកាត់ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​ផង​។

​លោក ចាន់​ណូ​រ៉ា បញ្ជាក់ថា ពេល​ចប់​គម្រោង​នេះ នឹងមាន​គម្រោង​ជួសជុល​កម្រាល​ស្ពាន​ផ្នែក​ខាងលើ​ជា​បន្ត នាពេល​អនាគត ដោយ​បច្ចុប្បន្ន​ថ្ម​កម្រាល​មាន​ស្ថានភាព​ពុក​ជា​អន្លើរ និង​ជួសជុល​ស្លាប​ស្ពាន​សងខាង​ឱ្យ​រឹងមាំ​ឡើងវិញ​ដើម្បីឱ្យ​តួ​ស្ពាន​ទាំងមូល​រឹងមាំ ឱ្យ​ឋិត​ស្ថេ​រ​គង់វង្ស​យូរអង្វែង លើក​តម្លៃ​ស្ពាន​បុរាណ​នេះ​ឡើងវិញ​។​

​សូម​បញ្ចា​ក់ថា កត្តា​ដែល​បង្ក​ឱ្យ​ស្ពាន​នេះ​មាន​ហានិភ័យ​ខ្លាំង ដោយ​ដោយសារ​កត្តា​ធម្មជាតិ អាយុកាល​ថ្ម ទឹក ឬ​ស​ដើមឈើ​ចាក់​បំ​ប៉ើង​ថ្ម​ឱ្យ​ប្រេះ​បែក កត្តា​មនុស្ស ដោយ​ការដឹក​ធ្ងន់ៗ​ឆ្លងកាត់​ស្ពាន​បុរាណ​មួយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close