អឺរ៉ុប​នឹង​រលាយ​ដូច​អតីត​សហភាព​ស៊ូ​វៀត មុនពេល​អ៊ុយ​ក្រេ​ន​ចូល​ជា​សមាជិក​

​អនុប្រធាន​គណៈកម្មកា​រ​សន្តិសុខ​ជាតិ រុស្ស៊ី លោក Dmitry Medvedev បាន​បញ្ជាក់ថា ពេលវេលា​ពិតប្រាកដ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូល​ជា​សមាជិក​អឺរ៉ុប គឺ​នៅក្នុង​ឆ្នាំ​២០៥០ ប៉ុន្តែ​អឺរ៉ុប​អាច​នឹងត្រូវ​បែកបាក់​នៅមុន​ឆ្នាំ​២០៥០​ទៅទៀត​។​

​សារព័ត៌មាន RT នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមិថុនា ឆ្នាំ​២០២២ អតីត​ប្រធានាធិបតី​រុ​ស្ស៉ី និង​ជា​អនុប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ រុស្ស៊ី លោក Dmitry Medvedev បាន​ព្យាករ​ថា​សហភាព​អឺរ៉ុប​អាច​នឹងមាន​ជោគវាសនា​ដូច អតីត​សហភាពសូវៀត ដោយ​រលាយបាត់​ចេញពី​ផែនទី​ពិភពលោក មុននឹង​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​។​

​លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ដែលជា​អតីត​ប្រធានាធិបតី​រុ​ស្ស៉ី ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុ​ស្ស៉ី ធ្វើការ កត់សម្គាល់​ខាងលើ ក្នុង​សារ​មួយ​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Telegram កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ ជាមួយ​ការប្រៀបធៀប រវាង​ការសន្យា​របស់​សហភាព​អឺរ៉ុប​ចំពោះ​អ៊ុយ​ក្រែ​ន និង​ផែនការ​របស់​សហភាព​សូ​វៀត​ដែល​ចង់​កសាង​លទ្ធិ​ក​ម្មុយ​និ​ស្ដ​។ លោក ម៉េ​ដ​វ៉េ​ដេ​វ បានបញ្ជាក់ ដូច្នេះ​ថា «​យើង​ប្រហែលជា​អាច​កសាង​លទ្ធិ​ក​ម្មុយ​និ​ស្ដ​បាន ប្រសិនបើ​សហភាពសូវៀត​មិន​រលំរលាយ​។ តើយ​ល់ពី​អ្វីដែល​ខ្ញុំ​ចង់​និយាយ​ដែរឬទេ​?»​។​

​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គណៈកម្មការ​អឺរ៉ុប​បានផ្ដល់​អនុសាសន៍​ថា​អ៊ុយ​ក្រែ​ន គួរតែ​ទទួលបាន «​ឋានៈ​បេក្ខភាព​» ដើម្បី​ក្លាយជា​សមាជិក សហភាព​អឺរ៉ុប​។ ប៉ុន្តែ ការទទួលយក​អ៊ុយ​ក្រែ​ន​ជា​សមាជិក​ត្រូវបាន​គេ​រំពឹងថា​អាច​នឹង​ចំណាយពេល​រាប់​ឆ្នាំ ខណៈ​មេដឹកនាំ​អឺរ៉ុប​នឹងត្រូវ​ជួបប្រជុំគ្នា​ដើម្បី ពិភាក្សា​លើ​បញ្ហា​នេះ នៅក្នុង​សប្ដាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close