ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» និងប្រកាសដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាព
ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «ទេសចរណ៍អាងត្រពាំងថ្ម» និងប្រកាសដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាព ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថា តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាតំបន់ធម្មជាតិមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេង និងទស្សនាទេសភាព និងសត្វកម្រជាច្រើនប្រភេទ មានដូចជា ក្រៀល រមាំង ជាដើម ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍រកប្រាក់ចំណូលបានផងដែរ តាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។ ការសាងសង់ប៉មនេះ អាចឱ្យអ្នកទេសចរទស្សនាប្រភេទសត្វ និងទេសភាព កាន់តែច្បាស់ និងងាយស្រួលជាងមុន។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអង្កការ WCS មន្ទីរបរិស្ថានខេត្ត អាជ្ញាធរដែនដី និងបងប្អូនប្រជាសហគមន៍ចំនួន៧០នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។