ត្រី​បបែល​ទឹកសាប​ធំជាងគេ លើ​ពិភពលោក រកឃើញ និង​លែង​ចូលទៅក្នុង​ទន្លេមេគង្គ នៅ​ប្រទេស​កម្ពុជា​

​ស្ទឺ​ង​ត្រែង​៖ នៅពេលនេះ ក្រុមការងារ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ កំពុង​តាមដាន​ការធ្វើ​ចរាចរ​ផ្លាស់​ទី របស់​ត្រី​បបែល​យក្ស​ទឹកសាប ទម្ងន់ ៣០០​គីឡូក្រាម ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ និង​ដើម្បី​ការពារ​វា​ឱ្យបាន​កាន់តែ​ប្រសើរ​។​

 

​អ្វី​ដែលជា​ប្រស្នា​អាថ៌កំបាំង​ដ៏​អស្ចារ្យ​មួយ របស់​សត្វព្រៃ​ដ៏​យូរលង់​មកហើយ​នោះ​គឺ​អត្តសញ្ញាណ​របស់​ប្រភេទ​ត្រី​ទឹកសាប ធំជាងគេ​លើ​ពិភពលោក ហាក់ដូចជា​ត្រូវបាន​ស្រាយ​ចេញ កាលពី​សប្តាហ៍​មុន ខណៈដែល​អ្នកនេសាទ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ធ្វើការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ បាន​រកឃើញ​ត្រី​បបែល​យក្ស​ទឹកសាប ទម្ងន់ ៣០០​គីឡូក្រាម នៅ​ជិត​កោះដាច់​ស្រយាល​មួយ ក្នុង​ទន្លេមេគង្គ​។​

​ទំហំ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ត្រី​ជិត​ផុត​ពូជ​ដែល​ទម្ងន់​របស់​វា ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា ធ្ងន់​ជាង​២​ដង នៃ​ទម្ងន់​ជា​មធ្យម​របស់​សត្វ​ស្វា​គ្រោង​ដែល​រស់នៅ​តំបន់​ទំនាប​ទៅទៀត ហើយ​ទំហំ​នេះ​ជាង​ត្រី​រាជ ទម្ងន់ ២៩៣ គីឡូក្រាម ដែល​ត្រូវ​ចាប់បាន​នៅក្នុង​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០០៥ ដែល​បាន​កាន់កាប់​កំណត់ត្រា​ពី​អតីតកាល ជា​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​នៅលើ​ផែនដី​។ ត្រី​ទឹកសាប​ត្រូវបាន​កំណត់ថា គឺជា​ប្រភេទ​ត្រី​ដែល​ប្រើប្រាស់​ពេលវេលា​ពេញ​មួយជីវិត រស់នៅក្នុង​ទឹកសាប ដែល​ផ្ទុយ​ពី​ប្រភេទ​សត្វ​សមុទ្រ​យក្ស ដូចជា​ត្រី​ធូ​ណា និង​ត្រី​ម៉ា​លីន ឬ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី រវាង​ទឹកសាប និង​ទឹកប្រៃ ដូចជា​ត្រី beluga sturgeon ដែលមាន​ទំហំ​ដងខ្លួន​ធំៗ ជាដើម​។​

​ត្រី​បបែល​យក្ស ដែល​បំបែក​កំណត់ត្រា​នេះ មាន​ប្រវែង​ជាង ជិត​៤​ម៉ែត្រ គឺ​វាស់​ចាប់ពី​ចុង​ច្រមុះ​ដល់​កន្ទុយ​។ វា​ត្រូវបាន​អ្នកនេសាទ​ម្នាក់​ចាប់បាន​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង​ស្ទឹងត្រែង ក្នុង​ទន្លេមេគង្គ ដែល​លាតសន្ធឹង និង​ហូរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ដោយ​យល់ដឹង​ពី​សារៈសំខាន់​របស់​ត្រី​បបែល​យក្ស ដែល​គាត់​ចាប់បាន​នេះ អ្នកនេសាទ​បាន​ទាក់ទង​ទៅ​ក្រុមការងារ​ស្រាវជ្រាវ​របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដែល​ទទួលបាន​មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​ជួយ​លែង​ត្រី​បបែល​យក្ស ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ ត្រឡប់​ចូលទៅក្នុង​ទន្លេ​វិញ​។​

​លោក​ង្វៀន ហាន់ ( Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី​របស់ USAID/Cambodia បាន​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ បានបង្ហាញ​ពី​ជោគជ័យ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​មេគង្គ ដែល​គាំទ្រ​ថវិកា​ដោយ USAID​។ ប្រទេស​កម្ពុជា ទទួលបាន​ពរជ័យ​ជា​ជីវចម្រុះ​ដ៏​អស្ចារ្យ ហើយ​យើង​ពិត​ជាមាន​មោទកភាព ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ ក្នុងការ​លើកកម្ពស់​កា​រ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​តួនាទី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ​»​។​

​នេះ​ជា​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រី​បបែល​យក្ស​ដ៏​ធំ​នេះ ត្រូវបាន​បំពាក់​ឧបករណ៍​ផ្តល់​សញ្ញា acoustic tag ដែលជា​បច្ចេកវិទ្យា អាច​ឲ្យ​ជីវ​វិទូ​ស្វែងយល់​បន្ថែមទៀត អំពី​អាកប្បកិរិយា​ដ៏​អាថ៌កំបាំង​របស់​សត្វមានជីវិត ដែល​យើង​កម្រ​បាន​ជួបប្រទះ​មួយ​នេះ​។​

​សម្រាប់​លោក ហ្សេ​ប ហូ​ហ្គេ​ន (Zeb Hogan) ជីវ​វិទូ​មច្ឆជាតិ នៅ​សកល​វិទ្យាល័យ ណេ​វ៉ា​ដា នៃ​ទីក្រុង រី​ណូ និង​ជា​ថ្នាក់ដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ មានប្រសាសន៍ថា ការរកឃើញ​ត្រី​បបែល​យក្ស​នេះ គឺជា​ភស្តុតាង​ដែល​បង្ហាញថា​ពិភព​ធម្មជាតិ​នៅតែ​អាច​ផ្តល់នូវ​របកគំហើញ​ថ្មី និង​អស្ចារ្យ ហើយ​ប្រភេទ​សត្វ​ក្នុង​ទឹក​ដ៏​ធំ​បំផុត​ជាច្រើន នៅតែ​មិនទាន់​ត្រូវបាន​សិក្សា​ស្វែងយល់​គ្រប់គ្រាន់​នៅឡើយ​។​

​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​ពិធីករ​នៃ​កម្មវិធី​ទូរទស្សន៍ National Geographic នៅក្នុង​កម្មវិធី «Monster Fish» បាន​និយាយថា​៖ «​ក្នុង​រយៈពេល ២០​ឆ្នាំ នៃ​ការស្រាវជ្រាវ​រក​ប្រភេទ​ត្រី​ធំៗ​នៅក្នុង​ទន្លេ និង​បឹង នៅក្នុង​ទ្វីប​ចំនួន​ប្រាំមួយ នេះ​គឺជា​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត ដែល​យើង​បាន​ជួបប្រទះ ឬ​ប្រភេទ​ត្រី​ដែល​ត្រូវបាន​កត់ត្រា​ទុក​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​នេះ​»​។ បណ្ឌិត​ហូ​ហ្គេ​ន​បន្តថា​៖ «​នេះ​គឺជា​ការរកឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ហើយ​បង្ហាញថា កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​យល់​កាន់តែច្បាស់ អំពី​អាថ៌កំបាំង​ជុំវិញ​ប្រភេទ​សត្វ​នេះ និង​ការ​លាតសន្ធឹង​មិនគួរ​ឱ្យ​ជឿ​នៃ​ទន្លេ ដែលជា​កន្លែង​ដែល​វា​រស់នៅ​»​។​

​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​បង្កើត​បណ្តាញ​អ្នកនេសាទ​ដែល​យល់ព្រម​រាយការណ៍ អំពី​ការ​ចាប់បាន​ប្រភេទ​ត្រី​យក្ស និង​ជិត​ផុត​ពូជ រួមមាន​ទាំង​ត្រី​បបែល​យក្ស​ផងដែរ​។ កាលពី​ខែ​មុន អ្នកនេសាទ​រស់នៅក្នុង​តំបន់​ដូចគ្នានេះ បាន​រាយការណ៍​ប្រាប់​ក្រុមការងារ​ថា ពួកគាត់​បាន​ចាប់បាន​សត្វ​ត្រី​បបែល​យក្ស​ញី​ទម្ងន់ ជាង​១៨០​គីឡូក្រាម ដែល​បន្ទាប់មក ក្រុម​អ្នកស្រាវជ្រាវ បាន​ជួយ​លែង​ចូលទៅក្នុង​ទឹកទន្លេ​វិញ ដោយ​សុវត្ថិភាព​។​

«​ការរកឃើញ​ត្រី​បបែល​ដ៏​មហិមា​បំបែក​ក្នុង​កំណត់ត្រា​ពិភពលោក​នេះ បង្ហាញ​ពី​ឱកាស​ដ៏​ពិសេស ដែល​យើង​មាននៅ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ការពារ​ប្រភេទ​សត្វ​នេះ និង​ទីជម្រក​ស្នូល​របស់​វា​។ នៅក្នុង​ភាពជា​ដៃគូ ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​បណ្តា​ប្រទេស​ដទៃទៀត នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​ក​ម្ពុ​ជា នឹង​រៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​អភិរក្ស ប្រភេទ​សត្វ​ក្នុង​តំបន់ និង​ពង្រឹង​ការការពារ​ទន្លេ សត្វព្រៃ ជលផល និង​សហគមន៍​មូលដ្ឋាន​» នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋបាល​ជល​ផល​។​

​លោកស្រី ជា សីលា អ្នកគ្រប់គ្រង​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​មានប្រសាសន៍ថា​៖ «​ឥឡូវនេះ ក្រុម​អ្នកនេសាទ​បាន​សហការ​ជាមួយ​គម្រោង​របស់​យើង នោះ​នៅពេលដែល​ពួកគាត់​ចាប់បាន​ត្រី​បបែល​យក្ស ពួកយើង​នឹង​អាច​បំពាក់​ស្លាក​សញ្ញា​សម្គាល់ រួច​លែង​ពួកវា​វិញ​។ ការលែង​ដោយ​ជោគជ័យ​ទាំងនេះ បានបង្ហាញ​ពី​សារៈសំខាន់ នៃ​ភាពជា​ដៃគូរ​របស់​យើង​ជាមួយ​សហគមន៍​មូលដ្ឋាន​។ ជាមួយគ្នានេះ យើងទាំងអស់គ្នា មាន​តួនាទី​សំខាន់​ក្នុងការ​តាមដាន និង​អភិរក្ស​ធនធាន​ជលផល​»​។​

​ប្រជា​នេសាទ​បាន​ទូរស័ព្ទ ប្រាប់​ក្រុមការងា​ថា ចាប់បាន​ត្រី​បបែល​យក្ស «​ធំ​ជាង​មុន​» កាលពី​យប់​ថ្ងៃទី ១៣ ខែមិថុនា​។ ត្រី​បបែលត្រី​នេះ ត្រូវបាន​បំពាក់​ឧបករណ៍ acoustic ដើម្បី​តាមដាន​ការធ្វើ​ចរាចរ​ផ្លាស់​ទី​រប​ស់វា មុនពេល​លែង​ត្រឡប់​ចូលទៅ​ទន្លេ​វិញ ដោយ​សុវត្ថិភាព​។ តាម​ការអង្កេត ត្រី​បបែល​យក្ស​នេះ ហាក់ដូចជា​រឹងមាំ និង​មាន​សុខភាព​ល្អ ព្រោះ​វា​បាន​ហែល​ចុះ​យ៉ាង​លឿន​ទៅក្នុង​ទឹកល្អក់ ដ៏​ជ្រៅ​នៅក្នុង​ទន្លេមេគង្គ​។​

​ហ្វូងមនុស្ស រួមមាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ មន្ត្រីជលផល​កម្ពុជា និង​សមាជិក​សហគមន៍ បាន​ប្រមូល​ផ្ដុំគ្នា​កុះករ ដើម្បី​លែង​ត្រី​បបែល​យក្ស​ញី​ដ៏​ធំ​មួយ​ក្បាល​នេះ​។ ពួកគេ​បានដាក់​ឈ្មោះ​ត្រី​បបែល​យក្ស​នោះ​ថា​៖ «​បូណ៌មី​» ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ «​ព្រះ​ច័ន្ទ​ពេញវង់​» ដោយសារតែ​ត្រី​បបែល​យក្ស​ដែលមាន​រាង​មូល​នេះ ត្រូវបាន​លែង​ចំ​ថ្ងៃពេញបូណ៌មី ១៥​កើត ដោយមាន​ព្រះ​ច័ន្ទ​បញ្ចាំង​ពន្លឺ​នា​ជើងមេឃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close