យូ​នី​សេ​ហ្វ​ផ្តល់ជំនួយ​បន្ទាន់ ជួយ​កុមារ ១.៦​លាន​នាក់ ជាប់គាំង​ជំនន់​ទឹកភ្លៀង នៅ​បង់​ក្លា​ដេ​ស

​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) យូ​នី​សេ​ហ្វ បាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​២០ មិថុនា​ថា មនុស្ស​បួន​លាន​នាក់ រួមទាំង​កុមារ ១.៦​លាន​នាក់ ដែល​ជាប់គាំង​ដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​ភាគ​ឦសាន​ប្រទេស​បង់​ក្លា​ដែ​ស កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អង្គការ UNICEF ថា ខ្លួន​ស្ថិតនៅលើ​មូលដ្ឋាន​ដើម្បី​ការពារ​កុមារ និង​ផ្តល់​ទឹក​សង្គ្រោះបន្ទាន់ និង​ការផ្គត់ផ្គង់​សុខភាព​។​

​លោក Sheldon Yett តំណាង​អង្គការ UNICEF ប្រចាំ​ប្រទេស​បង់​ក្លា​ដែ​ស បាន​និយាយថា “​កុមារ​ត្រូវការ​ទឹក​ផឹក​ដែលមាន​សុវត្ថិភាព នាពេល​ឥឡូវនេះ​។​

​លោក​បាន​និយាយថា UNICEF បាន​បញ្ជូន​ឧបករណ៍​ចម្រោះ​ទឹកស្អាត ដល់​៨​ម៉ឺន គ្រួសារ អាច​ប្រើ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

​អង្គការ​យូ​នី​សេ​ហ្វ បាន​និយាយថា ខ្លួន​កំពុងធ្វើការ​ដើម្បី​គាំទ្រ​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​នៃ​ការឆ្លើយតប​គ្រាអាសន្ន​របស់​ប្រទេស​បង់​ក្លា​ដែ​ស ជាមួយនឹង​ថ្នាំ​ប​ន្សុ​ត​ទឹក​រាប់លាន ធុង​ទឹក​ឧបករណ៍​អនាម័យ​រាប់ពាន់​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ជំទង់​។​

​អង្គការ​យូ​នី​សេ​ហ្វ បាន​និយាយថា ខ្លួន​ក៏​កំពុង​រៀបចំ​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​សម្រាប់​មណ្ឌល​សុខភាព​ក្នុងស្រុក​ផងដែរ​។​

​យូ​នី​សេ​ហ្វ កំពុង​ស្វែងរក​ជាបន្ទាន់ នូវ​ថវិកា​ចំនួន ២.៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ការឆ្លើយតប​គ្រាអាសន្ន ដោយសារ​វា​ផ្តល់​ការផ្គត់ផ្គង់ និង​សេវា​សង្គ្រោះ​ជីវិត​ដល់​កុមារ និង​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close