សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​ការងារ​

​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ពិភព​អ៊ីស្លាម​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បន្ត​ជួបពិភាក្សា​ការងារ​ជា​បន្តទៀត​ជាមួយ​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។



នៅក្នុង​ជំនួប​នេះ ឯកឧត្តម Christian Berger បាន មានប្រសាសន៍​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​
​ឯកឧត្តម​ពិតជា​រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការងារ​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ​កន្លងមកនេះ នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បន្ត​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ក្នុង​បេសកកម្ម​ការងារ​របស់​ឯកឧត្តម​នា​រយៈពេល​កន្លងមកនេះ ឯកឧត្តម​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា ទោះបី​មាន​ឧបសគ្គ​ដោយ​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី តែ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​អាល្លឺម៉ង់​មានការ​រីកចម្រើន​។​

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ក្នុងការ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​អាល្លឺម៉ង់ ឱ្យ​កាន់តែ​ល្អប្រសើរ​គួរឱ្យកត់សម្គាល់​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ឱ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​បន្តរ​បស់​ឯកឧត្តម​ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close