ក្រសួងពាណិជ្ជកម្ម បង្ហាញបញ្ជីមុខទំនិញមួយចំនួនដែលរឹតត្បិតក្នុងការនាំចូលមកពីប្រទេសតួកគី ដោយបារម្ភអំពីជំងឺម្យ៉ាង
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីបញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដោយអនុលោមតាមអនុសាសន៍របស់អង្គការពិភពលោក ខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាព ក្នុងការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វ របស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេសតួកគី។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការរឹតត្បិតមុខទំនិញនាំចូលមកប្រទេសតួកគី ដោយសារមានការព្រួយបារម្ភ អំពីជំងឺមាត់ និងដៃ-ជើង ដែលកើតឡើងចំពោះសត្វ នឹងអាចឆ្លងមកកាន់មនុស្ស។ ការជូនដំណឹងនេះត្រូវបានធ្វើឡើងជាទូទៅ មិនមែនសំដៅតែចំពោះប្រទេសកម្ពុជានោះទេ។
ការរឹតត្បិតនូវទំនិញមួយចំនួន ដែលអាចទាក់ទងទៅនឹងជំងឺនេះ រួមមាន៖ ផលិតផលទាក់ទងនឹងទឹកដោះ និង Cream សម្រាប់មនុស្សបរិភោគ, ផលិតផលកែច្នៃពីសាច់សត្វ, ស្បែកសត្វ ដែលយកមកធ្វើជាស្បែកជើង និងកាបូប, រោមសត្វ សម្រាប់ធ្វើជាសំលៀកបំពាក់ និងគ្រឿងក្នុងសត្វ សម្រាប់មនុសុ្សបរិភោគ។
ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការរឹតត្បិតនេះ មិនបានធ្វើឱ្យប៉ះពាល់ ដល់ការនាំចេញរបស់កម្ពុជាទៅប្រទេសតួកគីនោះទេ ដោយសារតែទំហំការនាំចេញកម្ពុជាទៅតួកគីមានទំហំតិចនៅឡើយ ហើយក្នុងនោះការនាំចេញសាច់សត្វទៅប្រទេសតួកគីក៏មិនមានច្រើនដែរ។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា រយៈពេល៥ ខែ ឆ្នាំ២០២២នេះ ការនាំចេញកម្ពុជា ទៅកាន់តួកគី មានចំនួន១០,៥២២,២៤៨ដុល្លារ កើនឡើង៦៩.៧៦% និងការនាំចូលទំនិញ ពីតួកគីវិញ មានចំនួន៧,០០៧,៨៦៨ដុល្លារ ថយចុះ១៤.១១%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។