Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក គ្រោង​នាំ​​ផ្លែឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សង្ហា​រឹម ចេញពី​ប្រទេស​កម្ពុជា

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី អាន​ប៊ី​ញ ផាន នាយក​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​ជាស​កល​នៃ​ក្រុមហ៊ុន Walmart ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ទ្បា​ញ ក្នុង​គោលបំណង​ដែល Walmart គ្រោង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ឱកាស​ការងារ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​អាចជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​កម្ពុជា​ថែមទៀត​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ក៏បាន​បញ្ជាក់ ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​លើកកម្ពស់​ល​ក្ខ​ខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុខភាព​និង​សុវត្ថិភាព​ការងារ​, ការពារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​, ថែរក្សា​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​, ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​កម្មករនិយោជិត និង​ការពារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​នៅ​បរទេស ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​, ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាតិ​ជា​ធរមាន និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​។
​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ និង​ផ្តល់​អាទិភាព​ជូន​កម្មករនិយោជិត​រួមទាំង​កម្មករនិយោជិត​ជនបរទេស​តាម​រោងចក្រ សហគ្រាស ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា និង​ដោយ​ឥតគិតថ្លៃ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជម្រុញ​ដោយ​គ្មាន​ការរើសអើង​។

​ក្នុងនោះ​ផងដែរ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០​ជុំ រួចមកហើយ ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការធានាបាន​នូវ​ប្រក្រតីភាព​នៃ​អាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និង​មុខរបរ ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​។

​លោកស្រី អាន​ប៊ី​ញ ផាន បាន​កោតសរសើរ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ លើ​លក្ខខណ្ឌ​ការងារ​បាន​ប្រសើរ ជាពិសេស​គ្រប់គ្រង និង​ទប់ស្កាត់បាន​យ៉ាង​ល្អ​ចំពោះ​ការឆ្លង​រាលដាល​នៃ​កូ​វីដ​-១៩ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ចង្វាក់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស​។

​គួរ​បញ្ជាក់ដែរថា Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦២​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​អាកា​ន​សាស់ សហរដ្ឋអាមេរិក មាន​បុ​គ្គិល ២.៣​លាន​នាក់ និង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ២៤​ប្រទេស​។ Walmart គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ និង​ផលិតផល​កម្សាន្ត​តាម​រដូវ​កាល​។ នាពេល​អនាគត Walmart គ្រោង​នាំ​ចេញពី​ប្រទេស​កម្ពុជា​នូវ ផ្លែឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សង្ហា​រឹម គឺ​ពេលដែល​ផលិតផល​ទាំងនេះ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close