ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន តែងតាំងខ្លួនឯងជារដ្ឋមន្ត្រីកសិកម្ម
លោក Ferdinand Marcos ប្រធានាធិបតីថ្មី ទើបជាប់ឆ្នោតហ្វីលីពីន បានផ្តល់តំណែងខ្លួនឯងជារដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ដោយលើកឡើងពីតម្រូវការបន្ទាន់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ និងជំរុញផលិតកម្មដើម្បីការពារការខ្វះខាតស្បៀងអាហារ និងការកើនឡើងតម្លៃ។
លោក Marcos បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបង្កើនផលិតកម្មកសិកម្មនៅក្នុងប្រទេសដែលគេស្គាល់ថា ជាអ្នកនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងរបស់ជាតិនឹងស្ថិតក្នុងចំណោមអាទិភាពរបស់លោក ការកើនឡើងតម្លៃស្បៀងអាហារកាន់តែមានសារៈសំខាន់ សម្រាប់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ហ្វីលីពីនកំពុងទប់ទល់នឹងអតិផរណាដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងបីឆ្នាំ ក្នុងខែឧសភា ឆ្នាំ២០២២នេះ។
លោកបានមានប្រសាសន៍ថា «តាំងពីដើមដំបូងមក ខ្ញុំតែងតែនិយាយថា កសិកម្មនឹងក្លាយជាផ្នែកសំខាន់ និងជាមូលដ្ឋាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ឬការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់យើង ដូចដែលយើងប្រមើលមើលសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត។»
សម្រាប់ហ្វីលីពីន ពេលវេលាចុងក្រោយដែលមេដឹកនាំចូលកាន់តំណែងជារដ្ឋមន្ត្រីក្នុងពេលដំណាលគ្នា គឺនៅក្នុងឆ្នាំ ១៩៩៨ នៅពេលដែលលោកអតីតប្រធានាធិបតី Joseph Estrada បានក្លាយជាប្រធានមហាផ្ទៃផងដែរ។ ប្រធានាធិបតីផ្សេងទៀតបានចូលរួមគណៈរដ្ឋមន្ត្រីផ្ទាល់ខ្លួនរបស់ពួកគេជាបណ្តោះអាសន្ន ក្នុងអំឡុងពេលមានស្ថានភាពអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។