ស្លាប់២៨០នាក់ដោយការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន
មន្ត្រីអាហ្វហ្គានីស្ថាននៅថ្ងៃទី ២២ខែមិថុនា បានប្រកាសថាមានការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នៅតំបន់ភាគខាងកើតប្រទេសនេះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន ។
ព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃ២២ខែមិថុនាបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់គឺ ៦.១រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគខាងកើត នៃប្រទេសអាហ្វហ្កានីស្ថាន ជាប់ព្រំប្រទល់ជាមួយប៉ាគីស្ថាន ហើយរបាយការណ៍បឋមបានអះអាងថា មនុស្សយ៉ាងហោចណាស់ ២៨០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
អាជ្ញាធរអាហ្វហ្កានីស្ថានបានបន្ថែមថា តួលេខអ្នកស្លាប់ច្រើនជាង២៨០នាក់នេះ គឺទំនងជានឹងនៅបន្តកើនឡើងថែមទៀត ខណៈមនុស្សរាប់រយនាក់ ក៏បានរងរបួសផងដែរ។ យោងតាមទិន្នន័យពី ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណជា ៤៤គីឡូម៉ែត្រពីទីក្រុង Khost នៃខេត្ត Khost នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជាមួយជម្រៅ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។
មនុស្សស្លាប់និងរបួស ត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។