សិស្សានុសិស្សរីករាយការលេងកីឡាអបអរទិវាអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
សិស្សានុសិស្សចំនួន១០០នាក់បានបង្ហាញនូវក្តីរីករាយចំពោះការចូលរួមលេងកីឡា និងការស្វែងយល់អំពីការបញ្ជ្រាបចំណេះដឹងពីគុណតម្លៃអូឡាំពិក និងការផ្សព្វផ្សាយពីគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នេះជាការចូលរួមរបស់សិស្សានុសិស្សមកពីពីរវិទ្យាល័យ គឺវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចរិយាវង្ស និងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចំការដូង នៃខេត្តកែប ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរសាទរទិវាអូឡាំពិក (Olympic Day) នៅខេត្តកែប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ដែលជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នេះបានលើកឡើងថា នៅក្នុងកម្មវិធីអបអរទិវាអូឡាំពិក ថ្ងៃនេះ លោកសង្កេតឃើញថា សិស្សានុសិស្សភាគច្រើនបានស្វែងយល់ និងឆ្លើយសំណួរបានល្អណាស់ ដោយពួកគាត់មានការស្វែងយល់ពីខ្លឹមសារនានាពាក់ព័ន្ធនឹងគុណតម្លៃអូឡាំពិក សារៈសំខាន់នៃការលេងកីឡា រួមទាំងការផ្សព្វផ្សានៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា ផងដែរ។
ទីប្រឹក្សារូបនេះបន្ថែមទៀតថា ក្រៅពីកម្មវិធីផ្សព្វផ្សាយគោលដៅនៃគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រុមការងារ NOCC ក៏បាននាំសិស្សានុសិស្សលេងកម្សាន្តកីឡានានា។ លោកអះអាងថា កម្មវិធីនេះមានសិស្សានុសិស្ស ដែលចូលរួមបានស្វែងយល់ពីផលប្រយោជន៍នៃការលេងកីឡា និងឲ្យពួកគេយល់ថា កីឡាបង្កើតនូវសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់។
លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរទិវាអូឡាំពិកនេះដែរ និងបញ្ជ្រាបការផ្សព្វផ្សាយពីស៊ីហ្គេមឆ្នាំ២០២៣ នៅជុំវិញក្រុងកែបដោយចេញដំណើរពីមុខសាលាខេត្តកែបទៅដល់សេះសនិងត្រឡប់មកមុខសាលាខេត្តកែបវិញ។ ការជិះកង់នេះមានការចូលរួមពីសិស្សានុសិស្ស និងមានការចូលរួមពីកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។