វៀតណាម៖ តម្លៃប្រេងសាំងហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន
តម្លៃប្រេងសាំងប្រភេទ RON 95 របស់វៀតណាមបានកើនឡើង ១,៥៤ភាគរយកាលពីថ្ងៃអង្គារដល់កម្រិតខ្ពស់ថ្មីមួយមិនធ្លាប់មានពីមុនមកគឺ ៣២ ៨៧០ដុង (១,៤២ដុល្លារ) ក្នុងមួយលីត្រ ដែលបានកើនឡើង ៤១ភាគរយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។
នេះជាការកើនឡើងលើកទីប្រាំពីរជាប់គ្នាសម្រាប់ប្រភេទប្រេងសាំងដ៏ពេញនិយមនេះគិតចាប់តាំងពីពាក់កណ្តាលខែមេសាមក។ ប្រភេទប្រេងសាំងនេះមានអ្នកប្រើប្រាស់ ៧០ភាគរយនៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបក្នុងប្រទេសវៀតណាម។
កាសែត VN Express International របស់វៀតណាមបានរាយការណ៍ថា ប្រេងជីវឥន្ធនៈ RON 92 ក៏បានឡើងថ្លៃ ០,៦១ភាគរយផងដែរដល់ ៣២ ៣៧០ដុងក្នុងមួយលីត្រដែលបានកើនឡើង ៤៣,៥ភាគរយនៅឆ្នាំនេះ ខណៈដែលប្រេងម៉ាស៊ូតបានឡើងថ្លៃ ៣,៤ភាគរយកាលពីថ្ងៃអង្គារ។
មូលនិធិស្ថិរភាពប្រេងឥន្ធនៈរបស់វៀតណាមដែលបង្កើតឡើងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃទំនិញបច្ចុប្បន្ននេះស្ថិតនៅកម្រិតអវិជ្ជមាន។
រដ្ឋាភិបាលវៀតណាមបានកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈចំនួនពាក់កណ្តាលមកនៅត្រឹម ២ ០០០ដុង ចាប់ពីខែមេសាសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ហើយកំពុងពិចារណាកាត់បន្ថយចំនួន ១ពាន់ដុងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។