ពិព័រណ៍​ការងារ​រយៈ​ពេល​២​ថ្ងៃ ចាប់ផ្តើម​ហើយ ដោយ​ផ្តល់ឱកាស​ការងារ​ជាង ៣​ពាន់​កន្លែង​ដល់​យុវជន​

​ភ្នំពេញ​៖ ពិព័រណ៍​ការងារ​ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង ចូលរួម​គាំទ្រ​ដោយ​អង្គការ​អន្ដរជាតិ​ខាង​ការងារ (ILO) រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២៣ ដល់ ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ បានចាប់ផ្តើម​ហើយ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល ម៉ា​នី និង​អគារ KAMPUS ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច​។​

​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ​នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ ឯកឧត្តម ហៃ ហ៊ុន​ឡេង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើកឡើងថា​៖ “​ពិព័រណ៍​ការងារ​ថ្ងៃនេះ ត្រូវបាន​ប្រារព្ធ​ឡើង​ចំពេល​វេលា ប្រកបដោយ​ភាពបត់បែន ប្រទាក់ក្រឡា និង​ស្ថិតក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​អន្តរការី នៃ​សេវា​ការងារ សំដៅ​ជួយ​ជំរុញ​ដំណើរការ និង​សម្របសម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង ទីផ្សារការងារ​ឱ្យទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​អតិបរមា ពី​ការផ្តល់សេវា​ការងារ​សាធារណៈ របស់ រាជរដ្ឋាភិបាល​។​”

​ឯកឧត្តម​បន្តថា គោលបំណង​សំខាន់បំផុត​នៃ​ពិព័រណ៍​ការងារ គឺ​ការ​បង្កើតជា​វេទិកា ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយផ្ទាល់​នៅ​មួយកន្លែង ដើម្បី​ស្វែងយល់​ពី​តម្រូវ​ការងារ​, ការជ្រើសរើស​កម្លាំង​ពលកម្ម និង​ការដាក់​ពាក្យស្នើសុំ​ការងារ ជូន​ដល់​សាធារណជន​ដើម្បី កាន់តែ​ងាយ​ស្វែងរក​, ងាយ​ចូលរួម​, ឆ្លើយតប​ឆាប់រហ័ស​។

ព្រឹត្តិការណ៍​នេះ​បាន​ខិតខំ​រិះរក​វិធី​កាន់​តែមាន​ប្រសិទ្ធភាព​ស្របតាម​តម្រូវការ របស់​និយោជក និង​អ្នកស្វែងរក​ការងារ ដើម្បី​បង្កើត​នូវ​បរិយាកាស​ប្រកបដោយ ភាព​សកម្ម និង​ភាពឆ្លើយតប​ទាន់ពេលវេលា សំដៅ​ពង្រីក​វិសាលភាព​ការងារ និង​ការ​ស្រូបយក​កម្លាំង​ពលកម្ម​ដែលមាន​សក្តានុពល និង​ជំនាញ​គ្រប់​ប្រភេទ​ចូលទៅក្នុង​ឱកាស​ការងា​រ​ទំនេរ​គ្រប់​វិស័យ​។​

​គួរបញ្ជាក់​ផងដែរ​ថា ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃនេះ មាន​ក្រុមហ៊ុន សហគ្រាស​ធំៗ​ចំនួន ២២ ដែល​បាន​នាំយក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជាង ៣០០០​កន្លែង និង​រំពឹងថា​នឹងមាន​យុវជន​រាប់ពាន់នាក់​ចូលរួម​ទស្សនា និង​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​។​

​ឯកឧត្តម​បណ្ឌិត តាន់ មុនី​វណ្ណ តំណាង​ឯកឧត្តម សាយ សំ​អាល ប្រធាន​សហភាព​សហព័ន្ធ​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា​៖ “​ពិ​ព័រ​ណ៌​ការងារ​ឆ្នាំ​២០២២ នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន​ទីផ្សារការងារ​និង​ឱកាស​ទទួលបាន​ការងា​រ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​បង្ហាញ​ផ្លូវ​ដល់​យុវជន សិស្ស និស្សិត​ឱ្យទទួល​បាន​ចំណេះដឹង ចំណេះ​ជំនាញ​ថ្មីៗ​ពី​អ្នកជំនាញ និង​អ្នកស្រាវជ្រាវ​សម្រាប់​រៀបចំខ្លួន និង​ប្រែក្លាយ​គោលដៅ​ជីវិត ឲ្យ​បាន​សមស្រប​ជាមួយ​សភាព​ការប្រែប្រួល​ក្នុង​ទីផ្សារ​ក្នុងប្រទេស និង​ក្នុង​តំបន់​។​

​ដូច្នេះ យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ សូម​ត្រៀម CV ដើម្បី​ដាក់ពាក្យ​ស្វែងរក​ការងារ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ធំៗ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​រយៈពេល ២​ថ្ងៃ នេះ​។ លើសពីនេះ ប្អូនៗ​ក៏​អាច​ចូលរួម​ដោយ មិន​គិតថ្លៃ​នៅក្នុង​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ស្តីពី​៖ «​ការត្រៀមខ្លួន​ចូល​ការងារ និង​សហគ្រិនភាព​» ដើម្បី​នឹង​ទទួលបាន​ចំណេះដឹង​ពី​វាគ្មិន​ល្អៗ​ដែលមាន​បទពិសោធន៍​ក្នុង​ទីផ្សារការងារ​ផងដែរ​។​

​កន្លងមក ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ដែលជា​មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ​ត្រូវបាន​រៀបចំ​រយៈពេល​ពី​រ​ឆ្នាំ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ដោយឡែក​សម្រាប់​ចុងឆ្នាំ​២០២២ នៅ​ថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នឹង​រៀបចំ​ពិ​ព័ណ៌​ការងារ និង​ផលិតភាព​ជាតិ​ថ្នាក់ជាតិ តាមរយៈ​ការជួបគ្នា​ផ្ទាល់​ឡើងវិញ​នៅឯ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ឲ្យ​កាន់​តែមាន​វិសាលភាព និង​ការចូលរួម​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close