ក្រសួងទេសចរណ៍ រៀបចំ “​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​” ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រសួងទេសចរណ៍ សហការ​ណ៍​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានរៀបចំ​”​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​” សំដៅ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ដោយ​អនុ​ឡោម​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ទេសចរណ៍ ផ្សារភ្ជាប់​ទឹកដី​”​។​

​សូម​រំលឹក​ផងដែរ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​កសាងឡើង​ក្រោម​ចំណងមិត្តភាព កម្ពុជា​-​ចិន ដែលជា​ជំនួយឥតសំណង​ពី​មិត្ត​ចិន ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែសីហា ឆ្នាំ​២០២១​។  ​វិមាន​កីឡដ្ឋាន បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ ។ វា គឺជា​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់ ៦​ម៉ឺន​នាក់ ដោយ​បរិវេណ​ខាងក្រៅ​អាចមាន​លទ្ធភាព​ផ្ទុក​អ្នកទស្សនា​បន្ថែម​ប្រមាណ​២​មឺ​ន​នាក់ បន្ថែម និង​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិ ការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​។​

​ការរៀបចំ “​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​” ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​ជំរុញ និង​សម្រួល​ដល់​ការសិក្សា​ស្វែងយល់​របស់​សិស្ស និស្សិត សាស្ត្រាចារ្យ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ អំពី​ផលិតផល​ទេសចរណ៍ ក៏ដូចជា​សមិទ្ធផល​ជាតិ​ថ្មីៗ និង​សំខាន់ៗ ដែលមាន​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ផ្សារភ្ជាប់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាមួយនឹង​គោលដៅ​ដែលមាន​សក្តានុពល​ដ៏ទៃទៀត​នៅ​ជុំវិញ មាន​ជាអាទិ៍ វិមាន​ឈ្នះ ឈ្នះ សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី សួន​ទឹក​ហ្គា​ឌិន​ស៊ី​ធី ទីលាន​វាយ​កូន​ហ្គោល​ហ្គា​ឌិន​ស៊ី​ធី​-​ល​-​។

​ជាមួយគ្នានេះដែរ កញ្ចប់​ទស្សនកិច្ច​នេះ ក៏មាន​ការកំណត់​ប្រភេទ និង​ការបង្កើត​ជំរើស​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ផងដែរ ដែល​រួមបញ្ចូល ដំណើរ​កម្សាន្ត​បែប​គ្រួសារ (Family Entertainment), ដំណើរ​កម្សាន្ត​បែប​ទស្សនកិច្ច​សិក្សា​ស្វែងយល់ (Educational Tour) និង​ដំណើរ​កម្សាន្ត​បែប​ទស្សនកិច្ច​ផ្សារភ្ជាប់​នឹង​ព្រឹត្តិការណ៍​កីឡា (Sport Event)​។​

​ជាមួយគ្នានេះ ដើម្បី​សម្រួល និង​លើកកម្ពស់​គុណភាព​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្រសួងទេសចរណ៍​ក៏បាន​រៀបចំ​នូវ “​សៀវភៅ​មគ្គុទ្ទេសក៍ សម្រាប់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​” សម្រាប់​អ្នក​ឧទ្ទេសនាម ក៏ដូចជា​គ្រប់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

សៀវភៅ​មគ្គុទ្ទេសក៍​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ប្រើបាស់​តាមរយៈ​ការ​ជា​ដើរតួនាទី​ជា​អ្នក​ណែនាំ និង​បកស្រាយ​បន្ថែម​អំពី​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ពហុ​កីឡដ្ឋាន មាន​ជាអាទិ៍ ប្រវត្តិ​នៃ​ការសាងសង់ សក្តានុពល​ទាក់ទាញ​ទាំង​១៨ នៃ​ពហុ​កីឡដ្ឋាន ក្រម​ប្រតិបត្តិ និង​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ពហុ​កីឡដ្ឋាន គោលការណ៍​ណែនាំ​ផ្សេងៗ ក៏ដូចជា​តំបន់​ទាក់ទាញ​ដ៏ទៃទៀត​ដែល​ស្ថិតនៅ​ជុំវិញ​ពហុ​កីឡដ្ឋាន​។

​គួរបញ្ជាក់​ផងដែរ​ថា ការរៀបចំ​កញ្ចប់​ទស្ស​ន​កិ​ច្ចនេះ ក៏​ជាការ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​អន្តរជាតិ​ស៊ី​ហ្គេម​(Sea Game) ឆ្នាំ​២០២៣ ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close