ព្រះមហាក្សត្រ​កម្ពុជា ផ្ញើ​សារលិខិត​ជូន​ប្រមុខរដ្ឋ​វៀតណាម សម្តែង​ព្រះទ័យ​អបអរសាទរ​ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​

​ភ្នំពេញ​៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​សារលិខិត​ជូន​លោក ង្វៀន សួន​ហ្វុ​៊​ក ប្រធាន​រដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សម្តែង​នូវ​ទឹក​ព្រះទ័យ​អបអរសាទរ​ខួប​៥៥​ឆ្នាំ​នៃ​ចំណង​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។​

​ក្នុង​ព្រះរាជសារ​ដែល​ទទួលបាន នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​កត់សម្គាល់​ពី​ភាព​រីកចម្រើន​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​កា​រ​យ៉ាង​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​។​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជបន្ទូល​រំលេច​ទៀតថា ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ កម្ពុជា និង​វៀតណាម សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ពី​ចំនួន ៤.៧​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ កើន​ដល់​ជាង ៩.៥​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២១ បើ​ទោះ​មាន​បញ្ហា​ប្រឈម​ច្រើន​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះដែរ វិនិយោគ​ផ្ទា​ល់ពី​វៀតណាម​នៅ​កម្ពុជា ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​មួយ​ដ៏​ល្អ​។ បន្ថែម​ពីលើ​នោះ ចាប់តាំងពី​ប្រទេស​ទាំងពីរ​ត្រូវបាន​បើក​ឡើងវិញ ចំនួន​ទេសចរ​វៀតណាម កំពុង​ឈរ​លំដាប់​ទី​១ ក្នុង​តារាង​ភ្ញៀវ​បរទេស​មក​កម្ពុជា​ផងដែរ​។​

​ក្នុង​ព្រះរាជសារ​នេះ ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​មាន​ព្រះរាជបន្ទូល​រំលឹក​នូវ​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា និង​វៀតណាម ក្នុង​បុព្វហេតុ​រំដោះ ការបង្រួបបង្រួម ឯករាជ្យ និង​ការអភិវឌ្ឍ​ជាតិ​។ ព្រះអង្គ បានបង្ហាញ​ទឹក​ព្រះទ័យ​ជឿជាក់ថា ការ​ប្រារព្ធ​ខួប់​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ នឹង​ពង្រឹង​បន្ថែម​នូវ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ជំនឿ​ជឿជាក់ និង​ការយោគយល់​គ្នា​ទៅវិញទៅមក ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close