មុនត្រូវសង្សាសម្លាប់ ជនរងគ្រោះបានបង្ហោះសារតានតឹងក្នុងចិត្តជាច្រើនលើបណ្តាញសង្គម
កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានករណីផ្អើលឆោឡោមួយបានកើតឡើងនៅចំណុចខាងក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ក្រោយពីមានក្លិនស្អុយចេញពីបន្ទប់ជួលមួយកន្លែង ហើយក្រោយមកសមត្ថកិច្ចបានគាស់ចូល ក៏ឃើញបុរសម្នាក់ដេកនៅក្បែរសាកសពស្រ្តីម្នាក់ដែលបានស្អុយទៅហើយ។
ករណីនេះ មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងតែធ្វើការសាកសួរបុរសជាសង្សាដែលជាជនសង្ស័យនោះ។
បើតាមប្រភពខ្លះថា បុរសគូរស្នេហ៍ដែលជាជនសង្ស័យ គឺជាមនុស្សដែលមានប្រពន្ធកូនរួចទៅហើយ និងបានទាក់ទងស្នេហាជាមួយជនរងគ្រោះ ហើយនៅមុនថ្ងៃដែលបាត់ស្រ្តីរងគ្រោះ អ្នកជិតខាងបានលឺនូវសំឡេងឈ្លោះប្រកែកគ្នា តែអ្នកជិតខាងគ្រាន់តែស្មានថា ជាការឈ្លោះគ្នាប្តីប្រពន្ធតែប៉ុណ្ណោះ។ លុះរយៈពេល៣ថ្ងៃក្រោយមក គេក៏ធុំក្លិនស្អុយចេញពីបន្ទប់ ប៉ុន្តែបន្ទប់នោះបានចាក់សោរពីខាងក្រៅ ទើបហៅសមត្ថកិច្ចមក រួចសមត្ថកិច្ចបានគាស់បន្ទប់ ក៏ឃើញបុរសជាសង្សានៅដេកក្បែរសាកសពដែលស្អុយនោះ។
តាមការសន្និដ្ឋានរបស់មហាជន ករណីនេះអាចជាករណីប្រចណ្ឌ ទើបកើតមានជាការសម្លាប់គ្នា។
យ៉ាងណាក៏ដោយ បើមើលទៅលើបណ្តាញសង្គមរបស់ជនរងគ្រោះ គេបានឃើញជនរងគ្រោះបង្ហោះនូវរូបភាពដើរលេងជាច្រើន ហើយជាមួយគ្នានោះ គេក៏បានឃើញសារពីការឈឺចាប់ផងដែរ ដោយជនរងគ្រោះបានសរសេរថា «អារម្មណ៍ពេលនេះពិតជាតានតឹងខ្លាំងណាស់ខ្ញុំចង់ស្រែកយំអោយខ្លាំង ហើយចង់ស្រែកប្រាប់មេឃថាខ្ញុំហត់ណាស់ ខ្ញុំអស់កម្លាំងចិត្ត ខ្ញុំហត់និងលួងខ្លួនឯងអោយរឹងមាំម្ដងហើយម្ដងទៀតណាស់»។
បើតាមមិត្តជិតស្និទ្ធរបស់ជនរងគ្រោះនិយាយថា ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ហៅទីទី ចំណែកបុរសជាគូស្នេហ៍នោះមានឈ្មោះ សេង គីមហួរ។ មិត្តជិតស្និទ្ធនោះបន្តថា ស្រ្តីរងគ្រោះ និងបុរសរូបនោះ គឺមានទំនាក់ទំនងគ្នាជាយូរមកហើយ និងក្រោយមកបុរសជាសង្សាក៏បានប្រាប់មិត្តរបស់ខ្លួនថា ទៅផ្ទះដើម្បីហៅឪពុកម្តាយឲ្យមកចូលស្តីដណ្តឹង ប៉ុន្តែក្រោយមកទើបដឹងថា បុរសជាសង្សានោះ បានទៅរៀបការប្រពន្ធ ជាហេតុធ្វើឲ្យជនរងគ្រោះមានការឈឺចាប់ និងបានដើរលេងបន្លប់ការឈឺចាប់ទាំងនោះ។
មិត្តភក្តិជិតស្និទ្ធជនរងគ្រោះបានបន្តថា ស្របពេលជាមួយគ្នានេះ បុរសជាសង្សានោះ ក៏តែងទាក់ទងមកជនរងគ្រោះដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែជនរងគ្រោះមិនបានព្រមឡើយ ដោយសារបុរសជាសង្សានោះបានការប្រពន្ធទៅហើយ និងបានគេចមិនចង់ជួប។
យ៉ាងណាក៏ដោយ ពេលនេះ គេនៅរង់ចាំពីរបាយការណ៍សួរចម្លើយរបស់សមត្ថកិច្ចទៅលើជនសង្ស័យថា តើករណីស្លាប់ស្រ្តីរូបនេះ ផ្តើមដោយសាររឿងអ្វី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។