សហព័ន្ធ​ខ្មែរ​ទោចក្រយាន​បំផុស​ចលនា​ជិះ​កង់ ដើម្បី​ពង្រីក​ការ​ផ្សព្វ​ផ្យា​យ​ដំណើរ​ឆ្ពោះទៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣

​កីឡាករ កីឡាការិនី​ជាង​១០០​នាក់​បាន​ជួបជុំគ្នា​នៅ​ក្រុងកែប កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ពង្រីក​ចលនា​កីឡា​ជិះ​កង់​ឲ្យ​កាន់តែ​ផុសផុល​បន្ថែមទៀត រួមជាមួយ​នឹង​គោលដៅ​ចម្បង​នៃ​ការផ្សព្វផ្សាយ​ក្នុង​ដំណើរ​របស់​កម្ពុជា​ឆ្ពៅះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជនពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

​អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន លោក នូ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្រោម​គម្រោង​ជំនួយ​ឧ​ត្ត​ម​គាំទ្រ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដើម្បី​បញ្ជ្រាប​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ «​ប្រជាជន​ម្នាក់ កង់​មួយគ្រឿង ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣»​។

​លោក​បន្ថែមថា យុទ្ធនាការ​នេះ សហព័ន្ធ​នឹង​បន្ត​រៀបចំ​មួយ​ព្រឹត្តិការណ៍​ទៀត នៅ​ខេត្តសៀមរាប នាពេលខាងមុខ នៅ​ក្នុងឱកាស​ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២ រួមទាំង​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយចំនួនទៀត​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​សហព័ន្ធ ជាពិសេស​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន លោក​អគ្គលេខាធិការ​ក៏បាន​អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី យុវជន និង​មហា​ជូន​សូម​ចូលរួម​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ ដើម្បី​ចូលរួម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទាំងអស់គ្នា​។ «​សូម​ចូលរួម​ជិះ​កង់ ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀស​ឆ្ងា​ពី​អំពើ​អបាយមុខ​ផ្សេងៗ ហើយ​សូម​រួមចំណែក​ផ្សព្វផ្សាយ​ពី​គោលដៅ​ដ៏​ចម្បង និង​អបអរសាទរ​នៃ​ដំណើរ​ឆ្ពោះទៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​សម្រួច​គោលដៅ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​»​។​

​កីឡាករ កីឡាការិនី​ដែល​ចូលរួម​សុទ្ធតែ​បានបង្ហាញ​ពី​ក្តី​រីករាយ ក្នុង​កម្មវិធី​ជិះ​កង់​នេះ ហើយ​ពួកគាត់​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ប្រឹងប្រែង ក្នុងការ​បញ្ជ្រាប​ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ «​ប្រជាជន​ម្នាក់ កង់​មួយគ្រឿង ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣»​ឲ្យ​កាន់តែ​ផុសផុល​បន្ថែមទៀត​។

​លោក នូ ចំរើន បន្ថែមទៀតថា តាមរយៈ​ការខិតខំ​នៃ​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ នាពេលនេះ និង​គោលដៅ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត នាពេលខាងមុខ​នេះ​នឹង​បង្កើតបាន​នូវ​ឱកាស​ថ្មីៗ បន្ថែមទៀត ក្នុងការ​បំផុសស្មារតី​មហាជន យុវជន​ឲ្យ​ចូលរួម​ជិះ​កង់​កាន់តែ​សម្បូរបែប​។ ​ទាំងអស់នេះ គឺជា​ច្រក​ផ្លូវ​តែមួយ ក្នុងការ​ពង្រឹង និង​ពង្រីក​ធនធាន​កីឡាករ កីឡាការិនី​ទោចក្រយាន​ឲ្យ​កាន់តែ​រីកចម្រើន​នៃ​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន តទៅ​ថ្ងៃ​អនាគត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close