ក្រសួងទេសចរណ៍ រៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង នៅទីក្រុងមេដាន
ឥណ្ឌូនេស៊ី៖ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នាឱកាសបើកវេទិកា ទេសចរណ៍ អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពិចារណាក្នុងការបើក វិស័យទេសចរណ៍ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាម “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩” ក៏ដូចជាផែនការ យុទ្ធសាស្ត្រ បើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម កាទើ មហាំម៉ាត់ណោស្រ៊ី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ដឹកនាំប្រតិភូចំនួន ៤រូប រៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី ។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅផ្សព្វផ្សាយ អំពីសក្តានុពល វិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាង ផ្នែកឯកជន កម្ពុជា – ឥណ្ឌូនេស៊ី ឱ្យបង្កើន ការលក់ កញ្ចប់ ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី រួមជាមួយការផ្សព្វផ្សាយ អំពី ការ បើកដំណើរការសេវា ទិដ្ឋាការ ពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរ ពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក ការលើកលែង លិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
កម្មវិធីផ្សព្វផ្សាយនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង (North Sumatera) និងបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី ហើយភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី និងកិច្ចសហការពីក្រុមហ៊ុន Singapore Airlines ក្នុងការជំរុញការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ឥណ្ឌូនេស៊ីនាពេលដ៏ខ្លីខាងមុខនេះ។
តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌូនេស៊ី ឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ” កាន់តែច្រើនឡើងនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។