កម្ពុជា​កំពុងសិក្សា​ជាមួយ​ក្រុមហ៊ុនចិន ក្នុង​ការ​សង់ផ្លូវរថភ្លើងក្រោមដី ឬរថភ្លើងអាកាសនៅរាជធានីភ្នំពេញ

ភ្នំពេញ – កាលពីថ្ងៃសុក្រ (២៤ មិថុនា) ក្រសួងសាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បានជួបប្រជុំ​តាម​ប្រព័ន្ធវីដេអូ​ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់ចិន លើការសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅក្នុងរាជធានីភ្នំពេញ ។

លោក ស៊ុន ចាន់ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធាណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសិក្សាក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈនេះ គឺដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេល បច្ចុប្បន្ននេះ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន ដែលបានសិក្សា ទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់សុីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ រួចមកអង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋម នេះ។ ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម… ។ល។

យ៉ាងណាក៏ដោយ លោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close