លោក អិ​ក អៀម អ្នក​ជួសជុល​អង្គរ ដែល​បន្ត​គ្នា​បី​ជំនាន់​មកហើយ​

​នៅក្នុង​បរិវេណ​ប្រាសាទ​តា​នៃ ដែល​ស្ថិតនៅ​ក្នុងព្រៃ ចូល​តាម​ផ្លូវលំ​តូច ភាគ​ខាងកើត​ពី​ប្រាសាទតាកែវ សំឡេង​ពន្លាក​ដែក​ដែល​ដុំ​ប៉ះ​និង​ដុំថ្ម​ឥត​ដាច់ បន្លឺ​លាន់​យ៉ាង​ស្រួយ​នោះ គឺជា​សំឡេង​ដែល​កើតឡើង​ដោយ​ជាង​មួយក្រុម កំពុង​នាំគ្នា​ធ្វើ​ការងារ​ដាប់​ផ្ទាំង​ថ្ម​ថ្មី​ធ្វើជា​សសរ​ពេជ្រ និង​ផ្ដែ​របស់​ប្រាសាទបុរាណ ដាក់ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់​ឡើ​ងិ​វ​ញ នៅក្នុងពេល​ជួសជុល​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទ​តា​នៃ​។​

​លោក អិ​ក អៀម ជា​អ្នកភូមិ​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ដែលមាន​វ័យ​៦២​ឆ្នាំ គឺជា​អ្នកជំនាញ​ខាង​ដាប់ថ្ម​ជួសជុល​ប្រាសាទបុរាណ​ម្នាក់ នៅក្នុង​ចំណោម​អ្នក​ជួសជុល​ផ្សេងៗ​ទៀត​ដែលមាន​វ័យក្មេង​ជាង​រូបលោក​។ ស្ថិតនៅក្នុង​ការដ្ឋាន​ការងារ​ដោយ​ពាក់មួក​ការពារ​ក្បាល ព្រមទាំង​ភ្នែក​មើល​មិនសូវ​ច្បាស់ និង​មាន​ពាក់​វេន​តា​ជំនួយ​ផង លោក អិ​ក អៀម ធ្វើការ​បណ្ដើរ​និយាយ​បណ្ដើរ​ថា លោក​បានមក​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំងតែ​ពី​ឆ្នាំ​១៩៩៩​មកម្ល៉េះ​។ មូលហេតុ ដែល​លោក​សម្រេចចិត្ត​ចូល​ធ្វើជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​នេះ គឺ​ដោយសារតែ​លោក​មានចិត្ត​ស្រឡាញ់​ប្រាសាទបុរាណ ហើយក៏​ចង់​ធ្វើ​ការងារ​ថែរក្សា និង​ជួសជុល​ប្រាសាទបុរាណ​ដែរ​។​

​លោក អិ​ក អៀម ឱ្យដឹងថា វង្ស​ត្រកូល​របស់គាត់ ៣​ជំនាន់​មកហើយ គឺជា​អ្នក​ដែល​ធ្វើការ​ជួសជុល​អង្គរ​។ ជីតា​របស់គាត់​ឈ្មោះ អ៊ីវ ធ្លាប់បាន​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំងពី​សម័យ​ដែល​ប្រទេស​ខ្មែរ ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​។ ចំណែក​ឪពុក​របស់លោក​ឈ្មោះ អ៊ីវ អិ​ក ក៏​ជា​អ្នក​ដែល​ធ្វើការ​ជួសជុល​ប្រាសាទបុរាណ កាលពី​អំឡុង​ឆ្នាំ​១៩៦០​រហូតដល់​ឆ្នាំ​១៩៧១ នៅពេលដែល​ប្រទេស​ខ្មែរ​កើតសង្គ្រាម​ទើប​ឈប់​ពី​ការងារ​។ បុរស​ចំណាស់ ដែលមាន​ភាពរួស​រាយ មានប្រសាសន៍​បន្តទៀត​ថា កាលពី​កុមារភាព​លោក​ធ្លាប់​តាម​ឪពុក​របស់លោក មក​ធ្វើ​ការងារ​ជួសជុល​ប្រាសាទ ហើយ​ការងារ​នេះ​បានធ្វើឱ្យ​អារម្មណ៍​របស់លោក​ដក់​ជាប់​ក្នុង​ចិត្ត រហូតដល់​រូបលោក​បានក្លាយ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ដូចជា​បុព្វបុរស​របស់លោក​ដែរ​។​

​តាម​ការ​រ៉ាយរ៉ាប់​ឱ្យដឹងថា ក្នុង​រយៈពេល​២៣​ឆ្នាំ​នៃ​ការងារ​ជួសជុល​ប្រាសាទបុរាណ លោក អិ​ក អៀម បាន​ចូលរួម​ជួសជុល​ប្រាសាទ​ជាច្រើន ដូចជា ជួសជុល​ប្រាសាទបាពួន ប្រាសាទតាព្រហ្ម ស្រះស្រង់ ជួសជុល​ប្រាសាទអង្គរវត្ត ប្រាសាទមេបុណ្យខាងលិច និង​ប្រាសាទ​តា​នៃ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បន្ថែម​លើ​នេះ លោក​ក៏​ធ្លាប់បាន​ចូលរួម​ជួសជុល​ប្រាសាទបន្ទាយឆ្មារ ដែល​ស្ថិតនៅក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​របស់​ខេត្តបន្ទាយមានជ័យ​ដែរ​។​

​ស្នាដៃ​ជួសជុល​របស់លោក អិ​ក អៀម គឺមាន​បន្សល់ទុក​នៅតាម​ប្រាសាទបុរាណ​ជាច្រើន​នូវ​ចម្លាក់​ក្បាច់ ឬក៏​រូប​អប្សរា​ជាដើម នៅពេលដែល​ថ្ម​ប្រាសាទបុរាណ​ខ្លះ បាន​បាក់បែក​ខូចខាត ហើយ​ត្រូវ​ការដាក់​ថ្ម​ថ្មី​មក​ជំនួស និង​ឆ្លាក់​ក្បាច់​ឱ្យ​ដូច​លំនាំ​របស់​ថ្ម​ដើម​នោះ​។​

​បើទោះបីជា​លោក អិ​ក អៀម ជា​អ្នក​បន្តវេន​ជួសជុល​អង្គរ​៣​ជំនាន់​មកហើយ​ក្តី ប៉ុន្តែ​នៅក្នុង​ជំនាន់​កូនៗ​របស់លោក​នេះ ប្រហែលជា​មិនមាន​អ្នក​បន្តវេន​ក្នុង​ការងារ​ជួសជុល​អង្គរ​ដូច​រូបលោក​ឡើយ​។ នៅក្នុង​ការងារ​ជួលជុល​អង្គរ​នេះ លោក អិ​ក អៀម បាន​ប្ដេជ្ញា​ថា លោក​នឹង​បន្តធ្វើ​វារ​ហូត​ទាល់តែ​រូបលោក​ជរា​ធ្វើ​លែងកើត​។ ជាមួយនេះដែរ លោក​ក៏​ពេញចិត្ត​នឹង​ជួយ​បង្ហាញ​បង្រៀន​ដល់​កូន​ខ្មែរ​ទាំងឡាយណា​ដែល​ចង់​ចេះ​ជំនាញ​ឆ្លាក់​ថ្ម ក្នុង​ការងារ​ជួសជុល​ប្រាសាទ ដើម្បី​ត្រៀមខ្លួន​ឱ្យ​ក្លាយជា​អ្នក​បន្តវេន​ទៅ​ជំនាន់​ក្រោយៗ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close