វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយ១២គ្រឿង ក្នុងការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ
កីឡាករ កីឡាការិនីវិទ្យាស្ថាន ខេមអេដ (CamEd Business School) បានឈ្នះមេដាយសរុប១២គ្រឿង នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាជាតិ។
គិតមកដល់ត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានខេមអេដ ដែលឈ្នះមេដាយសរុប១២គ្រឿងនេះ រួមមានមេដាយមាសលើវិញ្ញាសាបាល់បោះនារី ដែលការឈ្នះមេដាយរបស់ក្រុមកីឡាការិនីបាល់បោះនេះ គឺជាការការពារម្ចាស់មេដាយមាស៤លើកជាប់ៗគ្នា ក្នុងការប្រកួតកម្រិតឧត្តមសិក្សានេះ។ មេដាយមាសទី២ បានឈ្នះលើប្រភេទកីឡាវាយសីលើវិញ្ញាសាវាយគូនារី ដោយកីឡាការិនី ជឺ ជូឌី និងហៀង លក្ខណា និងមេដាយមាសទី៣ បានលើវិញ្ញាសាហែលទឹក។ ចំពោះមេដាយប្រាក់៤គ្រឿងដណ្តើមបានលើប្រភេទកីឡាតេក្វាន់ដូ WT ដោយកីឡាការិនី ហែម សុធីរា, តេក្វាន់ដូ ITF, ហែលទឹក និងអត្តពលកម្ម ខណៈមេដាយសំរឹទ្ធ៥គ្រឿងដណ្តើមបានលើប្រភេទកីឡាអត្តពលកម្ម (២) វាយកូនឃ្លីលើតុ (២) និងតេក្វាន់ដូ ITF (១)។
លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) មាន ប្រសាសន៍ថា សម្រាប់ការចូលរួមប្រកួតកីឡាឧត្តមសិក្សាថ្នាក់នេះ គឺវិទ្យាស្ថានខេមអេដចូលរួម កីឡារួមមាន៖ បាល់បោះ (បុរស-នារី) តេក្វាន់ដូ WT (នារី) ហែលទឹក (បុរស-នារី) វាយសី (បុរស-នារី) តេក្វាន់ដូ ITF (បុរស-នារី) ការ៉ាតេ (នារី) អត្តពលកម្ម (បុរស-នារី) និងវាយកូនឃ្លីលើតុ (បុរស)។
លោកនាយកវិទ្យាស្ថានរូបនេះបន្ថែមថា កីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខេមអេដ ចូលរួមសរុបមាន ចំនួន ៤៥នាក់ ដោយក្នុងនោះមាននិស្សិតនារី ២៣នាក់ និងបុរស ២២នាក់។ លោក ខេស៊ី បាណេត បានបង្ហាញក្តីសង្ឃឹមថា ប្រភេទកីឡាមួយចំនួនទៀតនឹងបន្តយកឈ្នះមេដាយជាបន្តបន្ទាប់ទៀត ខណៈការប្រកួតនៅសល់ប៉ុន្មានថ្ងៃទៀតទើបបញ្ចប់។
គួរបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ ដំណើរការពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយរៀបចំលើ១២ប្រភេទកីឡាស្មើនឹង៨៨វិញ្ញាសា ដោយប្រើប្រាស់៥ទីលានផ្សេងៗ នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។