ដើមឆ្នាំនេះ! ចំនួនជំងឺគ្រុនឈាម នឹងកើនឡើងកាន់ខ្លាំង ក្នុងរដូវវស្សា
ខេត្តសៀមរាប៖ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះពិនិត្យស្ថានភាពជាក់ស្តែង អ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា ៣) ខេត្តសៀមរាប និងបានសួរសុខទុក្ខលើស្ត្រីមានផ្ទៃពោះ ដែលបានទទួលសេវាពិនិត្យ និងសម្រាលកូននៅទីនោះ។
គូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងអំឡុង២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មានជំងឺគ្រុនឈាមចំនួន១,៣៥៤ករណីហើយ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះស្លាប់ចំនួន៣ករណីដែរ។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។
យោងតាមលទ្ធផល ការអង្កេតបាណកសាស្ត្រ រួមផ្សំនឹងកត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុង អំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងកាន់ខ្លាំង ក្នុងរដូវវស្សានេះ នៅតាម ភូមិ-ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។