កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​, ពីថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ សម្ពាធ​ទាប​នេះ​នឹង​វិ​វត្ត​ខ្លួន ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​៣ ដោយមាន​ដំណើរ​ឆ្ពោះទៅកាន់​កោះ​ហៃណាំ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C​។​
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ ក្នុងនោះ​ក៏​នឹង​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ​លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​។​

២-​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​៖
* សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣-​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C​។​
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close