ចុង​សប្ដាហ៍​ទី​៤ ខែ​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៣១​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ បាន​ថ្លែងថា ចុង​សប្ដាហ៍​ទី​៤ នៃ​ខែមិថុនា នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​ជាង ៣១​ម៉ឺន​នាក់​។​

​ឯកឧត្តម ថោង ខុន បានបង្ហាញ​ពី​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​២៥-២៦ ខែមិថុនា ឆ្នាំ​២០២២ គឺ​ភ្ញៀវ​សរុប​មាន​ចំនួន ៣១៨,៨៦៣​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២៩៨,៩៤០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៩,៩២៣​នាក់​។​

​ឯកឧត្តម​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៦. ៨៨៥ នាក់​
* ខេត្តសៀមរាប ៤៥.២១៩ នាក់​
* ខេត្តបាត់ដំបង ៤០.៩៥៥ នាក់​
* ខេត្តកំពត ៣៤.៥១៨ នាក់​
* ខេត្ត​កែប ២២.៤៥១ នាក់​
* រាជធានី​ភ្នំពេញ ១៨.៦៨៥ នាក់​
* ខេត្ត​ត្បូងឃ្មុំ ១៥.៣៤៣ នាក់​
* ខេត្តកំពង់ស្ពឺ ១២.៨៩៥ នាក់​
* ខេត្តពោធិ៍សាត់ ១២.៨៥៤ នាក់​។​

​ជាការ​កត់សម្គាល់​រប​ស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមមាន​៖
* ចរន្ត​ភ្ញៀវ​ក្នុង​ចុង​សប្តាហ៍​នេះ មានការ​ថមថយ​បន្តិច​បើ​ប្រៀប​នឹង​ចុង​សប្តាហ៍​មុន ជាក់ស្តែង តួលេខ​ចុង​សប្តាហ៍​នេះ មានការ​ថយចុះ​ប្រមាណ ១២,៥៥% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។​
* តាម​ការសង្កេត​ជាក់ស្តែង របស់​មន្ទីរ​ទេសចរ​ណ៍​ភ្ញៀវ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​គោលដៅ​ទេសចរណ៍​តាម​បណ្តា​ខេត្ត មិនសូវមាន​ចំនួន​ច្រើន​ដូច​សប្តាហ៍​កន្លងមក​ទេ​។ ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​ក្នុង​ខេត្ត​ខ្លួនឯង និង​ភ្ញៀវ​ឆ្លងខេត្ត​ជិតៗ​គ្នា​។​
* តាម​ការវាយតម្លៃ​បឋម ការចំណាយ​របស់​ភ្ញៀវទេសចរ ហាក់​មាន​កម្រិត​ទាប​ជាង​ពេល​ថ្ងៃ​ឈប់សម្រាក​កន្លងមក ដោយ​ពួកគាត់​មួយចំនួន​ធ្វើដំណើរ​កម្សាន្ត​ជិតៗ ដោយ​ចេញដំណើរ​ពី​ព្រឹក​ព្រលឹម នឹង​ត្រលប់​ចូល​ផ្ទះ​ល្ងាច​វិញ​។​
* តម្លៃ​កញ្ចប់​សេវា​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ហាក់​នៅមាន​តម្លៃ​ខ្ពស់ ស្រប​នឹង​តម្លៃ​ប្រេងសាំង មានការ​កើនឡើង​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន ពិភាក្សាគ្នា​ដាក់ចេញ​តម្លៃ​កញ្ចប់​ទស្សនកិច្ច​ឲ្យ​បាន​សមរម្យ​ដើម្បី​ទាញ់​ទាញ ជំរុញ​ចលនា​ទីផ្សារ​ក្នុងស្រុក និង​ដើម្បី​ប្រកួតប្រជែង ជាមួយ​ទីផ្សារ​ប្រទេសជិតខាង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close