លោក ហែម គី​រី រំពឹងថា និស្សិត​មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ នឹងចូលរួម​ជាមួយ​ស​ហ​ព័ន្ធ នា​ថ្ងៃ​អនាគត​

​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ លើ​ប្រភេទ​កីឡាហែលទឹក ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​បច្ចេកទេស​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ បានបញ្ចប់​ថ្ងៃទី​១ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ដាក់​ក្តី​រំពឹងថា និស្សិត​នានា​នឹង​អាច​ចូលរួម​ជាមួយ​សហព័ន្ធ នា​ថ្ងៃ​អនាគត​។​

​លោក​អគ្គលេខាធិការ​រូបនេះ​បន្ថែមទៀតថា ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​អា​ច​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ថ្មី​មួយ ដែល​សហព័ន្ធ​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ក្នុងនាម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ពិត​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ក្នុងការ​រៀបចំ​រៀបចំ​បច្ចេកទេស​ឲ្យ​កាន់​រីកចម្រើន​ចម្រើន ពីព្រោះថា សហព័ន្ធ​ត្រូវ​ការរៀបចំ​ការប្រកួត​ឲ្យ​កាន់តែច្រើន ដើម្បី​អភិវឌ្ឍ​មន្ត្រី​បច្ចេកទេស​។​

​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ការចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡាហែលទឹក​នេះ នៅមានកម្រិត​នៅឡើយ ដោយសារ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​បាន​ចូលរួម​ត្រឹមតែ​៥​ប៉ុណ្ណោះ ក្នុងចំណោម​៣៨​គ្រឹះស្ថាន​ដែល​ចូលរួម​។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោក​ជឿថា នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​ហ្គេម​ថ្នាក់ជាតិ លើក​ក្រោយៗ នឹងមាន​ការចូលរួម​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កាន់តែច្រើន ដើម្បី​រួមគ្នា​អភិវឌ្ឍ​ធនធាន​ឲ្យ​កាន់តែ​សម្បូរបែប ទៅ​ថ្ងៃ​អនាគត​។​

«​នៅក្នុង​ការប្រកួត​ថ្ងៃទី​១ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា​ឆ្នាំ​២០២២ យើង​ឃើញថា កីឡាករ កីឡាការិនី ដែលជា​និស្សិត​មកពី​សាកលវិទ្យាល័យ​មួយចំនួន​បានបញ្ចប់​ជាមួយ​លទ្ធផល​ល្អប្រសើរ ដែល​នេះ​ជា​ចំណុច​វិជ្ជមាន​ដ៏​ល្អ ដែល​យើង​កំពុង​សំឡឹង​មើលថា ពួកគាត់​នឹង​អាច​ចូលរួម​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នា​ថ្ងៃ​អនាគត​។ ជាក់ស្តែង​ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាដើម ទោះបីជា​និស្សិត​របស់គាត់​មិនមែន​ហ្វឹកហាត់​ជាមួយនឹង​សហព័ន្ធ​មែន ប៉ុន្តែ​ពួក​កាត់​មាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ចូលរួម​ជាមួយ​យើង នា​ថ្ងៃ​ខាងមុខ​»​។​

​អ្វី​ជាការ​កត់សម្គាល់ លោក ហែម គី​រី បាន​បន្ថែមថា តាមរយៈ​ព្រឹត្តិការណ៍​ឧ​ត្ត​ម​សិក្សា​ថ្នាក់ជាតិ​នេះ ក្រៅពី​ការផ្តល់​ឱកាស​ដល់​និស្សិត​ចូលរួម​ប្រកួតប្រជែង ក៏​ជាការ​ផ្តល់ឱកាស​ដល់​ម​ន្ត្រី​ដឹកនាំ​ការប្រកួត​របស់​សហព័ន្ធ​ជំនាញ​នេះ​បាន​ដកស្រង់​បទពិសោធន៍​បន្ថែមទៀត ដែល​ពួកគាត់​ទើបបាន​បញ្ចប់​វគ្គ​សិក្សា ជាពិសេស​គឺ​មន្ត្រី​វ័យក្មេងៗ ក៏ត្រូវ​ការសិក្សា​បន្ថែម​លើ​ការដឹកនាំ​រៀបចំ​ដោយផ្ទាល់ សម្រាប់​ការដឹកនាំ​រៀបចំ នាពេលខាងមុខៗ​ទៀត ជាពិសេស​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយ ក្នុងការ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​ផងដែរ​។ «​ជារួម ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កំពុង​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​វិស័យ​កីឡាហែលទឹក ព្រម​ជាមួយនឹង​ការបណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រី​រៀបចំ​ការប្រកួត​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close