ស្រីលង្កា សម្រេច​ឈប់​លក់​ប្រេងសាំង ទុក​សម្រាប់​សកម្មភាព​ចាំបាច់​

​នៅ​ថ្ងៃទី ២៧​ខែមិថុនា ស្រីលង្កា​បានប្រកាស​ផ្អាក់​លក់​ថាមពល​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​២​សប្តាហ៍ លើកលែងតែ​ថាមពល​សម្រាប់​បម្រើ​ដល់​សេវា​ចាំបាច់​បំផុត របស់​ជាតិ ។​

​ខណៈដែល​ធនធាន​ប្រេងឥន្ធនៈ​បម្រុង នៅសល់​ក្នុង​កម្រិត​តិចតួច​បំផុត​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្រីលង្កា លោក Bandula Gunawardana បានប្រកាសថា ការផ្អាក​ខាងលើ គឺ​ដើម្បី​សន្សំសំចៃ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត សម្រាប់ សេវាកម្ម​សំខាន់ៗ​។​

​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ចាប់​ពីថ្ងៃ​អង្គារ​សប្តាហ៍​នេះ​តទៅ នឹងមិន​មានការ​លក់​ប្រេងឥន្ធនៈ​ត​ទៀតឡើយ លើកលែងតែ​សម្រាប់​សេវាកម្ម​ពុំ​អាច​ខ្វះ​បាន ដូចជា​វិស័យ​សុខាភិបាល​ជាដើម ពីព្រោះ​យើង​ចង់​សន្សំសំចៃ​ប្រេងឥន្ធនៈ​តិច​តូច ដែល​យើង​មាន​»​។ ការផ្អាក​នឹង​បន្ត​រហូតដល់​ថ្ងៃទី​១០ ខែកក្កដា ហើយ​លោក Gunawardana ថែមទាំង​បាន​ទទូច​ឱ្យ​វិស័យ​ឯកជន អនុញ្ញាតឱ្យ​បុគ្គលិក​បំពេញការងារ​ពី​ផ្ទះ និង​សុំទោស​ប្រជាជន ចំពោះ​បញ្ហា​ខ្វះខាត​ប្រេងឥន្ធនៈ​នេះ ផងដែរ​។​

​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ស្រីលង្កា បានប្រកាស​បិទ​រាល់​សាលារៀន​រដ្ឋ នៅតាម​ទីក្រុង​ធំៗ ហើយ​អនុញ្ញាត​បុគ្គលិក​នៅតាម គ្រឹះស្ថាន​រដ្ឋាភិបាល ភាគច្រើន​អាចធ្វើ​ការ​ពី​ផ្ទះ​បាន ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ ដែលជា​លទ្ធផល​ជួយ​សន្សំសំចៃ​ប្រេង​។ បច្ចុប្បន្ន ល្រី​លង្កា​កំពុង​ព្យាយាម​ស្វែងរក ការទិញ​ប្រេង​ក្នុងតម្លៃ​ថោក​ពី​ប្រទេស​រុ​ស្ស៉ី​ហើយ​និង​កាតា​។​

​ដោយសារតែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ប្រទេស​ដែន​កោះ ដែលមាន​ប្រជាជន​ជិត ២២​លាន​នាក់​មួយ​នេះ មិនមាន​សមត្ថភាព​ចំណាយ សូម្បីតែ​ទៅលើ​ការនាំ​ចូល​របស់​សំខាន់ៗ ដូចជា​ស្បៀងអាហារ ឱសថ និង​ឥន្ធនៈ ចាប់​តាំងតែ​ពី​ចុង​ឆ្នាំមុន​មកម្ល៉េះ​។ ទន្ទឹមគ្នា ស្រីលង្កា​ក៏​កំពុង​ជួប​បញ្ហា​អតិផរណា​កម្រិត​ខ្ពស់​ខ្លាំង និង​ការ​ដាច់​ភ្លើង​ច្រើនៗ​ម៉ោង​ផងដែរ ខណៈ​ទាំងនេះ​សុទ្ធតែជា មូលហេតុ ដែល​នាំឱ្យមាន​បាតុកម្ម ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ចុះ​ចេញពី​តំណែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close