ក្រសួងសុខាភិបាល ណែនាំ​៥​ចំណុច​ជូន​អភិបាល​រាជធានី​-​ខេត្ត ដើម្បី​ជំរុញ​ការងារ​ដាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ពិសេស​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ បានចេញ​សេចក្ដីណែនាំ​មួយ​ទៅកាន់​អភិ បាល​រាជធានី​-​ខេត្ត​ទាំងអស់ លើ​ការងារ​ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ជំរុញ ពិសេស​ដូ​ស​ទី​៣ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។​

​ក្នុង​សេចក្ដីណែនាំ​នោះ រួមមាន ៥​ចំណុច ដូចខាងក្រោម​៖

*​ទី​១៖ ប្រគល់​ភារកិច្ច​ជូន អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ដែលជា​ប្រធាន​អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត ទទួលខុសត្រូវ បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​ចាត់ចែង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ស្រុក​/​ក្រុង​/​ខណ្ឌ ឃុំ​/​សង្កាត់ និង​ភូមិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​ធ្វើការ​កៀរគរ​ប្រជាពលរដ្ឋ​តាម​ភូមិ ឃុំ​នីមួយៗ និង​ចាត់ចែង​ពង្រាយ​ក្រុមគ្រូពេទ្យ​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ភូមិ ឃុំ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

*​ទី​២៖ រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពិនិត្យ តាមដាន ជំរុញ ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ស្ថិតិប្រជាជន​ដែល​បាន​ចាក់ និង​មិនបាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ (​ជា​ប្រភេទ​ណា កម្មករ កសិករ ឬ​ក្រុម​ណា​) នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បានជា​ក់លាក់ រួច​ផ្ញើមក គ​.​វ​.​ក​-១៩ យ៉ាងយូរ​ត្រឹម​ថ្ងៃ​សុក្រ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។​

*​ទី​៣៖ រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ចាត់ចែង​ធ្វើ​ផែន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ផ្អែកលើ​ចំនួន​ដែល​បានធ្វើ​បច្ចុប្បន្នភាព ជាក់ស្ដែង​រួច ដើម្បី​ចាត់ចែង​ការចុះ​ចាក់​ផ្ទាល់​ដល់ទី​តាំង​កំណត់​ជាក់លាក់ ដោយ​ពង្រាយ​ក្រុមគ្រូពេទ្យ​ដល់​ភូមិ ឃុំ រួមទាំង ជំរុញ​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង​នេះ​ទាំង​ថ្ងៃ​សៅរ៍​, ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​នានា​។​

*​ទី​៤៖ រដ្ឋបាល​រាជធានី​-​ខេត្ត បន្ត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​គោលដៅ​សំខាន់ៗ មានដូចជា​រោងចក្រ​-​សហគ្រាស សាលារៀន និង​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​ផ្សារ កម្មករសំណង់ អ្នកបម្រើ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​កម្សាន្ត​សប្បាយ កន្លែង​ស្នាក់នៅ និង​កន្លែងធ្វើការ​ប្រមូល​ផ្តុំ ។​ល​។​) ដោយ​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ពី​ម្ចាស់​ទីតាំង​ទាំងនេះ​។​

*​ទី​៥៖ បន្ត​អប់រំ​ប្រជាជន​នៅតាម​មូលដ្ឋាន​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី​៣ ទី​៤ និង​ទី​៥ ដើម្បី​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​មាន​កំណើន​ឡើង បន្ត​រក្សា​ភាពស៊ាំ​របស់​បុគ្គល និង​ភាពស៊ាំ​របស់​សហគមន៍​បាន​រឹងមាំ ធានា​និរន្តរភាព​នៃ​ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គមជាតិ​ក្នុងការ​រស់នៅ​ធម្មតា​តាមបែប​ប្រក្រតីភាព​ថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close