រុស្ស៊ីព្រមានណាតូ បើហានឈ្លានពានតំបន់គ្រីមៀ និងក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា រាល់ការឈ្លានពានណាមួយរបស់ណាតូទៅលើតំបន់គ្រីមៀ គឺជាការប្រកាសសង្គ្រាមដោយផ្ទាល់រវាងណាតូនិងរុស្ស៊ី ហើយនោះគឺជាការចាប់ផ្តើមសង្គ្រាមលោកលើកទីបី។
លោក Dmitry Medvedev បានប្រកាសថា« ចំពោះយើងខ្ញុំ តំបន់គ្រីមៀគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយរាល់ការឈ្លានពានតំបន់គ្រីមៀគឺជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី»។ លោកបន្តទៀតថា ប្រទេសណាមួយដែលជាសមាជិករបស់ណាតូ ឈ្លានពានតំបន់គ្រីមៀ គឺជាការប្រកាសសង្គ្រាម ហើយពេលនោះសង្គ្រាមលោកលើកទីបីអាចនឹងផ្ទុះឡើង បង្កវិនាសកម្មដល់មនុស្សជាតិ ។
លោក Dmitry Medvedev បច្ចុប្បន្នជាអនុប្រធានគណកម្មការសន្តិសុខជាតិ បានលើកឡើងថា ប្រសិនបើប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកណាតូ រុស្ស៊ីនឹងបង្កើនការការពារព្រំដែនរបស់ខ្លួនត្រៀមលក្ខណៈក្នុងការទប់ទល់។ នៅពេលនោះរុស្ស៊ីនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលអន្តរទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ ប្រភេទ Iskander ត្រៀមទប់ទល់នឹងការគំរាមកំហែង ។
រុស្ស៊ីក៏បានព្រមានជាច្រើនលើកច្រើនសាដល់ប្រទេសលោកខាងលិច ពិសេស គឺប្រទេសណាតូ មិនត្រូវជ្រៀតជ្រែកចូលកិច្ចការរបស់រុស្ស៊ីនោះឡើយ ។ ក្នុងពេលនេះដែររុស្ស៊ីបានដាក់កម្លាំងអាវុធបរមាណូ ក្នុងស្ថានភាពត្រៀមលក្ខណៈធ្វើសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើណាតូលូកដៃដោយផ្ទាល់ជួយដល់ប្រទេសអ៊ុយក្រែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។