ពលរដ្ឋ ៖ រថយន្ត​ដឹកឈើ​ពេញ​ព្រៃមិនចាប់ បែរជា​មកចាប់ពលរដ្ឋ​ក្រីក្រដឹកធ្យូង​លក់​តាម​គោយន្ត​

ប្រជាពលរដ្ឋ​​ដែល​បានឃើញ​ហេតុការណ៍សមត្ថកិច្ច​មួយ​ហ្វូង​នៅស្រុកភ្នំក្រវាញ ដេញ​ចាប់​គោយន្តដឹកធ្យូង​របស់​ស្រ្តីមេម៉ាយ​ម្នាក់កំពុង​បើក​លក់តាម​ផ្លូវ បាន​សម្តែង​នូវ​ការ​ហួសចិត្ត និងបាននិយាយ​គ្រប់មាត់ថា រថយន្ត​ដឹកឈើ​បើកពេញព្រៃសមត្ថកិច្ច​មិន​ចុះចាប់​ បែរជាទៅ​ចាប់​អ្នកក្រីក្រ​ដឹកធ្យូងដើរ​លក់ទៅវិញ។

គួរ​បញ្ជាក់ថា កាលពីវេលាម៉ោង​ប្រមាណ៨ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​ប្រដាប់ដោយអាវុធ ព្រមជាមួយ​មន្រ្តី​នៃអង្គការ​សម្ព័ន្ធមិត្តសត្វព្រៃតំបន់ជួរភ្នំក្រវាញផង បានបើករថយន្ត​មក​ស្ទាក់​ចាប់​គោយន្ត​ដឹកធ្យូ​មួយ​គ្រឿង ដែល​កំពុង​ដឹកធ្យូរ​ដើរ​លក់តាមផ្លូវ ស្ថិត​នៅ​ក្នុង​ទីប្រជុំជនស្រុកភ្នំក្រវាញតែម្តង។

ពេលឃាត់ចាប់នោះ សមត្ថកិច្ច​បាន​ទាមទារ​នាំយកគោយន្ត​ដឹកធ្យូងនោះ​ទៅ​កាន់ស្នាក់ការ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែលឃើញហេតុការណ៍​នាំគ្នាឈឺឆ្អាល និងបាននាំគ្នា​ទាញ​ទម្លាក់ធ្យូងចេញពីគោយន្ត​បោះ​ចោល​មក​ដី​ទាំងអស់តែម្តង។

លោកស្រី អុក រ៉ែម ដែលជា​ម្ចាស់​ធ្យូងបាននិយាយថា គាត់​គឺជា​ស្រ្តីមេម៉ាយកូន៣ រស់​នៅ​ភូមិ​សេត្តបុរី ឃុំកន្ទ្រែ ស្រុកភ្នំក្រវាញ , ដោយ​គ្មាន​មុខរបរអ្វី​ដើម្បីចិញ្ចឹមជីវិត និង​កូន គាត់​បាន​ដើរ​ទិញ​ធ្យូងពី​អ្នកស្រុក និង​បានជួល​គោយន្ត​គេ​ដើម្បី​ដឹកដើរ​លក់​នៅ​តាមទីប្រជុំជនក្នុងស្រុក ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ដែលមានទាំងក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃមកចាប់ ដោយ​ថា នេះគឺជាករណីខុសច្បាប់។

ក្រោយ​ឃើញករណីនេះ ប្រជាពលរដ្ឋ​ដែលបានឃើញហេតុការណ៍ បាននាំគ្នា​ឡើង​ទាញ​ធ្យូងទាំងនោះ​ទម្លាក់ចោល ដោយ​ព្រមទាំង​និយាយផងដែរថា រថយន្ត​ដឹកជញ្ជូន​ឈើទាំងកណ្តាលថ្ងៃ​ពេញព្រៃ ហេតុអ្វីបានជាមិនទៅចាប់ តែបែរជា​មក​ចាំប្រជាពលរដ្ឋ​ក្រីក្រទៅវិញ។

យ៉ាងណាក៏ដោយ ធ្យូង​ដែលត្រូវ​បានទម្លាក់ចោល​ទាំងនោះ ត្រូវ​បានអង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃ​ប្រមូលដាក់ឡានយកទៅទាំងអស់ ដោយ​ទុក​ត្រឹម​តែ​៤ការុងសម្រាប់ម្ចាស់តែប៉ុណ្ណោះ។

ចំពោះករណីនេះ យើង​មិ​នទាន់អាច​ស្វែង​រក​ការ​បំភ្លឺពី​អាជ្ញាធរ ក៏​ដូចជា​ក្រុមការងារ​របស់អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​បាន​នៅ​ឡើយ​ទេ​នៅថ្ងៃនេះ៕

ដោយ៖ ជា រ៉ានី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close