ការប្រកួតកីឡាសីដក់ បានបញ្ចប់ដោយជោគជ័យ!
ប្រកាសបិទការប្រកួតកីឡាសីដក់នៃព្រឹត្តិការណ៍ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រឆ្នាំ២០២២បានបញ្ចប់ដោយជោគជ័យ លើប្រភេទកីឡាសីដក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៤ថ្ងៃ។
ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានសហការជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាសីដក់និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២នេះ។
ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា ការប្រកួតនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក ហើយក៏ជាចំណែកដ៏សំខាន់នៃដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។
ជាមួយនេះក៏ជាឱកាសផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតកាន់តែមានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត។
សូមបញ្ជាក់ថា ការអញ្ជើញផ្តល់កិត្តិយសក្នុងពិធីបំពាក់មេដាយជូនម្ចាស់ជ័យលាភី រួមមាន ឯកឧត្តមបណ្ឌិត មាស សារិន, ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា,លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងតំណាងប្រតិភូកីឡាមកពីគ្រឹះស្ថានឧត្តមសិក្សា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។