វិទ្យាស្ថានខេមអេដឈរលេខ១ ប្រភេទកីឡាវាយសី នៃព្រឹត្តិការណ៍ឧត្តមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២
កីឡាករ កីឡាការិនីវាយសីមកពីវិទ្យាស្ថានខេមអេដដណ្តើមបានចំណាត់លេខ១ ក្នុងចំណោមគ្រឹស្ថានសិក្សាចំនួន១០ នៅក្នុងការប្រកួតកីឡាវាយសីនៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃនេះ ការប្រកួតកីឡាវាយសីបានបញ្ចប់ដោយជោគ ជ័យ នៅថ្ងៃទី២៨មិថុនានេះ ដោយវិទ្យាស្ថានខេមអេដឈរនៅដំណែងលេខ១ ដោយឈ្នះមេដាយ៤គ្រឿង ក្នុងមេដាយមាស២ និងសំរឹទ្ធ២។
ចំពោះមេដាយមាស២គ្រឿងរបស់វិទ្យាស្ថានខេមអេដណ្តើមបានលើវិញ្ញាសាវាយគូនារី ដោយកីឡាការិនី ហៀង លក្ខិណា និងកីឡាការិនី ជឺ ជូឌី និងវិញ្ញាសាវាយគូចម្រុះ បុរស-នារី ដោយកីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាការិនី ជឺ ជូឌី។ ចំណាត់ថ្នាក់លេខ២ ដណ្តើមបានដោយសកលវិទ្យាល័យ វេស្ទើន មេដាយសរុប៦គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៣ សំរឹទ្ធ១, លេខ៣ វិទ្យាស្ថានពុទ្ធិកៈ មេដាយមាស១ និងប្រាក់១, លេខ៤ វិទ្យាស្ថាន បូលីណូ មេដាយមាស១គ្រឿង។
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបម្រុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសី ដែលចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ច ប្រកបដោយជោគជ័យ។
ឯកឧត្តមប្រធានសហព័ន្ធបានចាត់ទុកថា លទ្ធផលប្រកួតក្នុងថ្ងៃនេះបង្ហាញពីភាពរីកចម្រើន នៃវិស័យកីឡាវាយសីនៅកម្ពុជា ហើយការប្រកួតនៅទីនេះបានបើកផ្លូវបន្ថែមមួយទៀត ក្នុងចំណោមសិស្សមធ្យមសិក្សា និងនិស្សិតឧត្តមសិក្សា ក្នុងជំហានឆ្ពោះទៅមុខរបស់វិស័យកីឡាវាយសីកម្ពុជា ព្រោះគឺជាលើកទីមួយហើយ ដែលយើងរៀបចំការប្រកួតកីឡាវាយសីនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបណ្ដុះជាកីឡាករ-ការិនីមានទេពកោសល្យខ្ពស់ក្នុងពេលអនាគត។
ឯកឧត្តម លី កុសល បានលើកទឹកចិត្តដល់កីឡាករ កីឡាករិនិ ដែលចូលរួមប្រកួតទាំងអស់ថា «ខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗកីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្ដើមបានមេដាយក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករ មានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹក និងចៅក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាពសមត្ថភាព គ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។