រថយន្តឈ្មួញដឹកឈើបុកបារ៉ាស់ប៉ះរថយន្តមេព្រៃខ្ទេចមួយចំហៀង
ក្រចេះ: រថយន្តកែច្នៃដឹកឈើមួយគ្រឿង បានបើកបុកបារ៉ាស់យោធា ការពារព្រំដែន ហើយក៏បានជ្រុលប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្ក្រាបបណ្ដាលឱ្យខ្ទេច មួយចំហៀងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២២នៅលើផ្លូវក្រួសក្រហម ចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ស្ថិត នៅក្នុងភូមិ មានជ័យ ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងបម្រុង នឹងដឹកឈើ ទៅលក់នៅព្រំដែន ប្រទេសវៀតណាម។ពេលនោះមន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើក៏បានចុះបង្ក្រាប។ស្របពេលកំពុងតែចុះបង្ក្រាបរថយន្តដឹកឈើនោះមិនបានឈប់ទេដោយបើកទៅបុកបារ៉ាស់យោធាការពារព្រំដែននិងបុករថយន្តរបស់អធិការមេគង្គនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្ក្រាបនៅបារ៉ាស់យោធា។
រថយន្តដឹកឈើបន្ទាប់ពីបុកបារ៉ាស់កៀររថយន្តអធិការមេគង្គភ្លាមក៏ដាច់កង់ក្រោយទៅមុខលែងរួច។ភ្លាមនោះអ្នកបើកបររថយន្តដឹកឈើគេចខ្លួនបាត់។
ក្រោយកើតហេតុមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជួបហេតុការណ៍នោះ មិនមានគ្រោះថ្នាក់អ្វីទេ គឺខូចខាតតែរថយន្ត។ ចំណែក រថយន្តដឹកឈើ សមត្ថកិច្ចយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខ្សឹមនិងកំពុងចាត់វិធានការតាមផ្លូវច្បាប់។
បើយោងតាមសេចក្តីរាយការណ៍ថា បច្ចុប្បន្ននេះពួកឈ្មួញឈើបានធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង សម្រុកដឹកចេញទាំងយប់ទាំងថ្ងៃតែម្ដង តាមដងផ្លូវជាតិលេខ ៧៨ គឺចេញពីក្នុងភូមិសាស្ត្រទឹកដី ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកកាត់តាមស្នាក់ការប៉េអឹម៧០៩ ច្រក១០៧ ស្ពានជ្រៃមាំង ទីស្នាក់ការបរិស្ថាន គីឡូ៨៨-រង្វង់មូលទីរួមស្រុកស្នួល នៃខេត្តក្រចេះ យកមកលក់ឱ្យឈ្មួញទៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្ត ក្រចេះ គឺចេញតាមផ្លូវក្រួសក្រហម ហៅដេ១។ ការដឹកជញ្ជូនឈើឆ្លងដែន តាមចំណុចខាងលើនេះ មានការគប់គិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចដឹកឈើតាមរយៈរថយន្តស៊ាំយ៉ុងកែច្នៃចេញ ទៅលក់នៅប្រទេសវៀតណាមបានដោយរលូន គ្មានការរំខានដល់សមត្ថកិច្ចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។