ក្រសួងសុខាភិបាល ណែនាំឲ្យអភិបាលរាជធានី-ខេត្ត លើកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនដល់ពលរដ្ឋឲ្យបានគ្រប់គ្នាៗ និងបានឆាប់រហ័ស
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារសម្លេងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលសូមឲ្យ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការអប់រំ ស្វែងរក និងណែនាំដល់បុគ្គលដែលពុំទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យចាក់វ៉ាក់សាំង ប្រសិនបើពុំមានកត្តាសុខភាពដែលត្រូវបាន វាយតម្លៃពីគ្រូពេទ្យថាពុំអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន។
សូមឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់មន្ត្រីមានសមត្ថកិច្ច និងប្រជាជននៅក្នុងមូលដ្ឋានដូចខាងក្រោម៖
– ប្រសិទ្ធភាពវ៉ាក់សាំងថយចុះតាមពេលវេលា។ អង្គបដិប្រាណដែលបានពីការចាក់វ៉ាក់សាំងកូវីដ-១៩ អាច ថយចុះបន្តិចម្តងៗ បន្ទាប់ពីរយៈពេល ៣ខែក្រោយចាក់ ដែលនឹងពុំអាចការពារបុគ្គលនោះពីការឈឺធ្ងន់ ឬស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ភាពស៊ាំថយចុះកាន់តែលឿន ចំពោះមនុស្សចាស់ និងអ្នកដែល មានជំងឺរួមផ្សំច្រើន ក៏ដូចជាអ្នកដែលប្រឈមខ្លាំង និងការប៉ះពាល់វីរុសកូវីដ-១៩
– អត្រាគ្របដណ្តប់នៃវ៉ាក់សាំងដូសទី៣ ទើបបាន ៥៩% នៃប្រជាជនកម្ពុជាសរុបតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២
– វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង BA.2 ឆ្លងលឿនជាងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងដើម និងអាចបណ្តាលឱ្យ ស្លាប់ជាងវីរុសកូវីដ-១៩ ប្រភេទដែលតា ផងដែរ
– អ្នកដំណើរចេញ-ចូលប្រទេសកាន់តែច្រើនឡើងៗ ក៏ជាឱកាសដែលនាំឱ្យមានការចម្លងនូវវីរុសបំប្លែង ខ្លួនថ្មីៗ (ដែលបច្ចុប្បន្ន វីរុសប្រភេទអូមីក្រុង BA.4, BA.5 កំពុងគ្របដណ្តប់ការចម្លងករណីថ្មី នៅ ប្រទេសមួយចំនួន)
– មន្ត្រី និងអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន (ផ្លូវគោក ទឹក និងអាកាស) ត្រូវប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាលដែលនៅជាធរមានឲ្យបានម៉ត់ចត់ ចំពោះប្រជាជនខ្មែរ និងជនបរទេស ដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែន។
ដូច្នេះទោះបីជាការរាតត្បាត និងហានិភ័យសុខភាពសាធារណៈ ត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ក៏ឱកាសនៃការផ្ទុះឆ្លងរាតត្បាតឡើងវិញនៅតែអាចកើតមានជាយថាហេតុ ដែលទាមទារត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា បាន ឆាប់រហ័ស និងអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញ ក្នុងសហគមន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល និងសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។