អនុប្រធានប្រតិភូកីឡាសាកលវិទ្យាល័យភូមិន្ទភ្នំពេញរីករាយ ចំពោះសមិទ្ធផលមេដាយ ក្នុងការប្រកួតកីឡាឧត្តមសិក្សា
លោក ហេង ឌីណា អនុប្រធានប្រតិភូកីឡា និងជាប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលកីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនបានចូលរួមប្រកួតអស់ពីសមត្ថភាព ក្នុងការដណ្តើមសមិទ្ធផលជាមេដាយ ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។
សមិទ្ធផលមេដាយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបាន គឺមេដាយមាស១វិញ្ញាសា លើប្រភេទកីឡាបាល់ទះនារី មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង សរុប១៥គ្រឿង។
លោកអនុប្រធានប្រតិភូកីឡារូបនេះបានបញ្ជាក់ថា RUPP បានបញ្ជូនកីឡាករ កីឡាការិនីចូលរួមលើប្រភេទកីឡាមិនច្រើនទេ ប៉ុន្តែដណ្តើមបានមេដាយបានច្រើនដែរ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងការគោរពយ៉ាងខ្ជាប់ខ្ជួនរបស់ក្រុមនិស្សិតទាំងអស់ នៅក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ។
លោក ហេង ឌីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងគណៈគ្រប់គ្រង RUPP ទាំងអស់ ដែលបានផ្តល់ការលើកទឹកចិត្តគាំទ្រនិស្សិតទាំងអស់ចូលរួមប្រកួត ដើម្បីអភិវឌ្ឍសមត្ថភាពពួកគាត់ឲ្យកានតែរីកចម្រើនបន្ថែមទៀត សម្រាប់ត្រៀមប្រកួតនាព្រឹត្តិការណ៍ក្រោយៗទៀត។
ជារួម លោកអនុប្រធានប្រតិភូរូបនេះបានសង្កេតឃើញថា ការរៀបចំការប្រកួតកីឡានានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់កិច្ចសហការបច្ចេកទេសគជូនដល់សហព័ន្ធកីឡាជាតិ គឺមានភាពល្អប្រសើរខ្លាំងណាស់ ទាំងការទទួលរៀបចំ ការហូបចុក ស្នាក់នៅ ដឹកជញ្ជូន រួមទាំងលក្ខណៈបច្ចេកទេសកីឡា គឺមានភាពសុក្រិតយុត្តិធម៌ មិនលម្អៀងនោះឡើយ។
តាមរយៈការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នេះបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះជាមួយនឹងភាពរីករាយ និងកក់ក្តៅបំផុត។
ជាមួយនឹងគោលដៅចម្បងៗនៃការរៀបចំកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសតាមតម្រង់ហ្គេមថ្នាក់ជានេះឆ្នាំនេះបានជំរុញផែនការនៃការរៀបចំរបស់សហព័ន្ធកីឡាជាតិនានា ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ក្នុងនាមប្រធានសមាគមនិស្សិត RUPP លោកក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងជួយផ្សព្វផ្សាយបន្តដល់និស្សិត និងលើកទឹកចិត្តដល់និស្សិតបន្តការផ្សព្វផ្សាយដល់មិត្តភ័ក្ត្រ បងប្អូនគាត់ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។