អ៊ុយក្រែនត្រូវការប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីទប់ទល់រុស្ស៊ី
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គកាណាតូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើដល់ អង្គកាណាតូ ដឹកនាំដោយអាមេរិក បង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ។ លោក Volodymyr Zelensky បញ្ជាក់ថា យើងត្រូវការ ៥ពាន់លានដុល្លារ ជារៀងរាល់ខែ។
ការអំពាវនាវខាងលើរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលលោកចូលរួមកិច្ចប្រជុំប្រអង្គការណាតូ នៅថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២២។ លោកបន្តទៀតថា ណាតូត្រូវតែប្រញាប់ផ្តល់ជំនួយដើម្បីទទួលបានជ័យជម្នះ ឬក៏មានសង្គ្រាមជាមួយប្រទេសណាតូតែម្តង។ ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា ទីក្រុងគៀវត្រូវការផ្តល់ជំនួយ យោធា និងហិរញ្ញវត្ថុជាបន្ទាន់ ប្រមាណ៥ពាន់លានដុល្លារក្នុងមួយខែ។
លោក Volodymyr Zelensky បញ្ជាក់ថា ការផ្តល់ជំនួយហិរញ្ញវត្ថុ គឺមានសារសំខាន់យ៉ាងខ្លាំង ដូចជាការផ្តល់អាវុធ ។ លោកបន្តទៀតថា យើងត្រូវការ៥ពាន់លានដុល្លារ ក្នុងមួយខែ ដើម្បីការពារប្រទេសជាតិ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់ អឺរ៉ុប ខណៈបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យ សង្គ្រាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃពុធសប្ដាហ៍នេះ ហើយជាមួយគ្នាលោកក៏បានសន្យាផងដែរនឹងការពារទឹកដីណាតូមិនឱ្យបាត់សូម្បីតែមួយចំអាម ខណៈបក្សសម្ព័ន្ធណាតូឯកភាពគ្នាលើផែនការថ្មីមួយ ក្នុងការពង្រឹង និងបង្កើតវត្តមានយោធានៅក្នុងតំបន់បាលទិក និងប៉ូឡូញ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៉ី នៅពេលអនាគត។
លើសពីទៅទៀត បន្ថែមពីលើការប្ដេជ្ញាចិត្ត និងការសន្យា លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញៀផងដែរថាការវាយប្រហារលើប្រទេសជាសមាជិក ណាតូណាមួយ មានន័យថាជាការវាយប្រហារលើបក្សសម្ព័ន្ធណាតូទាំងមូល។ បើតាមលោក បៃដិន សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ ខ្លួនបន្ថែមពីលើកងទ័ពជាង ១០០,០០០នាក់ ដែលកំពុងឈរជើងស្រាប់ក្នុងតំបន់អឺរ៉ុប ព្រមទាំងដាក់ពង្រាយបន្ថែមនាវាចម្បាំង និងយន្ដហោះចម្បាំង ក្នុងតំបន់អឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។