ក្រសួង​បរិស្ថាន​ ណែនាំ​​ពីទឹកធ្លាក់”ឆាយតាភោគ” នៅលើភ្នំម្រេចកង្កែប ខេត្តកោះកុង

ទឹកធ្លាក់ “ឆាយតាភោគ” តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមួយកន្លែងថ្មីមួយទៀត កំពុងលាក់ខ្លួន ពួនសម្រស់ នៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំក្រុមការងារជំនាញ សហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង បានធ្វើការស្រាវជ្រាវរុករកទីតាំងឃើញទតាំងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែបកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២។

ទឹកធ្លាក់”ឆាយតាភោគ” មានកម្ពស់ប្រមាណ ១៥ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំង ពយភ្នំម្រេចកង្កែប ប្រវែងប្រមាណ ២៥០ម៉ែត្រ ប៉ុណ្ណោះ។ កន្លងមក ទឹកធ្លាក់នេះហាក់ដូចជាកន្លែងធម្មជាតិថ្មីមួយទៀត ដែលអ្នកទេសចរណ៍ មិនទាន់បានទៅដល់ នៅពេលពួកគេមកកម្សាន្តនៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែង។

មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង សង្ឃឹមជឿជាក់ថា ទឹកធ្លាក់នៅកន្លែងថ្មីនេះ នឹងបម្រើវិស័យទេសចរណ៍មួយកន្លែងទៀតក្នុងខេត្តកោះកុង ព្រមទាំងជួយដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close